សៀមរាប: លោកស្រី រឿន គីណា អភិបាលរងស្រុកបន្ទាយស្រី ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចទៅជាអភិបាលរងស្រុកពួក នឹងប្រកាសជាផ្លូវការនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមពី លោក អ៊ឹង គឹមលាង អភិបាល រងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ជាមួយនឹងការផ្ទេរភារកិច្ចនេះ លោកស្រី រឿន គីណា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញតួនាទី និងភារកិច្ចដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ជាពិសេសប្ដេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនិងអង្គភាពពាក់ព័ន្ធដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានផ្តាំផ្ញើលោកស្រីអភិបាលរងស្រុកថ្មី ត្រូវប្រើប្រាស់ឲ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែងអនុវត្តន៍តាមតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឲ្យការងារស្រុកពួក មានការអភិវឌ្ឍរីកចម្រើនបន្ថែម និងកិច្ចសហប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយមន្ទីរអង្គភាព រដ្ឋបាលស្រុក ឃុំ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួល ខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍន៍ស្រុក ឲ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត ។ លោក អ៊ឹង គឹមលាង ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ផ្តល់ការគាំទ្រដល់អភិបាលរងស្រុកថ្មី ក្នុងការចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍស្រុកពួក ឲ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។ ជាមួយគ្នានេះ ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់លើការវិវត្តថ្មីៗរបស់បច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីយកមកប្រើប្រាស់ជាឧបករណ៍ជំនួយ ក្នុងការបង្កើនប្រសិទ្ធភាពការងារ កែលម្អការផ្តល់សេវាសាធារណៈ ពង្រឹងការគ្រប់គ្រងព័ត៌មាន និងជម្រុញការច្នៃប្រឌិតថ្មីៗក្នុងការបំពេញតួនាទី ភារកិច្ចឲ្យកាន់តែឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃសង្គមឌីជីថល ។
ជាពិសេស ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាសហការឲ្យបានស្អិតល្មួត ដើម្បីឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឲ្យស្រុកពួក មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរថែមទៀត៕





































