ខេត្តកំពង់ធំ៖ វិធានការក្តៅក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក បន្ទាប់ពីដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតាទៀត នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានរកឃើញថា រងការកាប់ទន្ទ្រានថ្មីៗ ដែលបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
កិច្ចប្រតិបត្តិការចុះពិនិត្យជាក់ស្តែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ដោយទទួលបានបទបញ្ជាផ្ទាល់ពី លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ ក្នុងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់រងការបំផ្លិចបំផ្លាញខាងលើ។
លោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ និងលោក អ៊ា គឹមឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានផ្តល់ព័ត៌មានលម្អិតថា៖ ដីព្រៃឈើបម្រុងទុករបស់រដ្ឋនៅក្នុងតំបន់អូរចម្លងតៃនេះ បានរងការកាប់ទន្ទ្រានសរុបប្រមាណ ១៨ ហិកតា។ ក្នុងនោះ ផ្ទៃដីប្រមាណ ១៤ ហិកតា ត្រូវបានជនខិលខូចលួចកាប់ទន្ទ្រាន និងដាំដើមស្វាយចន្ទីអស់រយៈពេលជាង ២ ឆ្នាំកន្លងមកហើយ ដែលករណីដី ១៤ ហិកតានេះ ត្រូវបានអាជ្ញាធរប្តឹងទៅតុលាការ និងមានដីកាដកហូតជាសម្បត្តិរដ្ឋរួចរាល់ហើយដែរ។ ដោយឡែក ផ្ទៃដី ៤ ហិកតា ចុងក្រោយនេះ គឺជាករណីកាប់ទន្ទ្រានថ្មីស្រឡាង ដែលសមត្ថកិច្ចកំពុងម្នីម្នាកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ថែម។
ឆ្លើយតបនឹងទង្វើផ្គើននឹងច្បាប់នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រៃឈើបម្រុងទុករបស់រដ្ឋ ដោយសារតែភាពលោភលន់របស់ក្រុមជនល្មើស ដែលហ៊ានធ្វើសកម្មភាពដោយគ្មានការញញើតច្បាប់ ទាល់តែសោះ។
លោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់ថា ទោះបីជាកន្លងមកអាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលនីមួយៗ បានចុះផ្សព្វផ្សាយ អប់រំ និងណែនាំជាហូរហែ ហើយថែមទាំងធ្លាប់បានចាប់ខ្លួនមេខ្លោងកាប់ទន្ទ្រានព្រៃឈើ នៅតំបន់អូរតាលោកដែលនៅក្បែរនោះ បញ្ជូនទៅផ្តន្ទាទោសដាក់ពន្ធនាគាររួចហើយក្តី ក៏ក្រុមជនល្មើសមួយចំនួនតូចទៀត នៅតែមិនរៀងចាល។ លោកមេបញ្ជាការបានបញ្ជាក់បន្ថែម តាមទិដ្ឋភាពបច្ចេកទេសថា៖ «ការកាប់ទន្ទ្រាន ៤ ហិកតាថ្មីនេះ គឺជាល្បិចកលបែប “កាប់ពង្រីកក្បាលចំការ” ជារៀងរាល់ឆ្នាំ។ ដូច្នេះ សមត្ថកិច្ចជំនាញត្រូវតែវែករកមុខសញ្ញា និងមេខ្លោងពាក់ព័ន្ធទាំងអស់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ឬយោគយល់ឡើយ»។
នៅក្នុងឱកាសចុះអនុវត្តច្បាប់នោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ បានរួមគ្នាដំឡើងស្លាកសញ្ញាហាមឃាត់ជាផ្លូវការ ដើម្បីបង្ហាញថាដីព្រៃបម្រុងទុករបស់រដ្ឋនៅតំបន់អូរចម្លងតៃនេះ កំពុងស្ថិតក្នុងចំណាត់ការច្បាប់របស់តុលាការ។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំបន្តចាញ់បោកការញុះញង់ ឬចូលទៅកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋបន្តទៀត ដែលវានាំឱ្យមានទោសទណ្ឌដល់ខ្លួន និងបង្កសេចក្តីទុក្ខលំបាកដល់ក្រុមគ្រួសារជាទម្ងន់។
«ព្រៃឈើជាដង្ហើមនៃជីវិត មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ» ករណីកាប់ទន្ទ្រានដីព្រៃបម្រុងទុករបស់រដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមរូបភាព “កាប់ពង្រីកក្បាលចំការ” ជារៀងរាល់ឆ្នាំ គឺជាសញ្ញាអាសន្នមួយដាស់តឿនដល់ពួកយើងគ្រប់គ្នា។ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងថ្ងៃនេះ គឺកំពុងបំផ្លាញអនាគត និងបរិស្ថានរបស់កូនចៅជំនាន់ក្រោយ។
វិធានការច្បាប់ដ៏តឹងរ៉ឹង និងគ្មានការលើកលែង គឺជាឱសថដ៏ស័ក្តិសិទ្ធិតែមួយគត់ក្នុងការទប់ស្កាត់ជនខិលខូច។ សង្គមជាតិទាំងមូល រួមទាំងប្រជាពលរដ្ឋមូលដ្ឋាន ត្រូវតែរួមគ្នាក្លាយជាភ្នែកជាច្រមុះ ចូលរួមការពារ និងរាយការណ៍ពីបទល្មើស ដើម្បីរក្សាការពារមរតកបៃតងរបស់ជាតិ។ សូមចងចាំថា៖ «ការកាប់បំផ្លាញព្រៃឈើត្រឹមតែមួយប៉ព្រិចភ្នែក អាចបង្កើតជាមហន្តរាយធម្មជាតិរាប់សិបឆ្នាំ ហើយការដោះដូរស្បែកព្រៃឈើ ទៅនឹងបន្ទះដីចំការខុសច្បាប់ នឹងត្រូវសងវិញដោយការបាត់បង់សេរីភាព នៅក្នុងពន្ធនាគារយ៉ាងអាម៉ាស់បំផុត»៕s/b






































