សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បង្ក្រាបរថយន្តស៊េរីទំនើប TUNDRA អត់ស្លាកលេខ លួចដឹកឈើខុសច្បាប់ ក្នុងសកម្មភាពបំផ្លាញធនធានធម្មជាតិ!

0

ខេត្តព្រះវិហារ៖ វិធានការក្តៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ទោះបីជាក្រុមជនល្មើសព្យាយាមប្រើប្រាស់គ្រប់ល្បិចកល ឬមធ្យោបាយទំនើបៗ ដើម្បីបិទបាំងសកម្មភាពខុសច្បាប់របស់ខ្លួនយ៉ាងណាក៏ដោយ។

ជាក់ស្តែង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងកងរាជអាវុធហត្ថស្រុករវៀង បើកប្រតិបត្តិការស្ទាក់ចាប់បានរថយន្តស៊េរីទំនើបមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើដោយខុសច្បាប់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា វត្ថុតាងដែលត្រូវបានដកហូត និងចាប់យកក្នុងបទល្មើសជាក់ស្តែងនេះ រួមមាន៖ រថយន្តស៊េរីទំនើប ម៉ាក TUNDRA ពណ៌ទឹកប្រាក់ មួយគ្រឿង ដោយគ្មានពាក់ស្លាកលេខ (ដើម្បីងាយស្រួលក្នុងការគេចវេសពីការតាមដាន) ,ឈើអារចម្រុះ រួមមានប្រភេទលេខ១ (ត្រសេក) និងប្រភេទលេខ២ (ផ្តៀក) សរុបចំនួន ១ ម៉ែត្រត្រីគុណ និង ៨៥២ សង់ទីម៉ែត្រត្រីគុណ ដែលត្រូវបានដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ។

បច្ចុប្បន្ន ទាំងរថយន្តដែលជាមធ្យោបាយល្មើសច្បាប់ និងឈើអារខុសច្បាប់ទាំងអស់ ត្រូវបានកម្លាំងចម្រុះដឹកជញ្ជូនយកមក រក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីឱ្យមន្ត្រីជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នតុលាការ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើយ៉ាងតឹងរ៉ឹងបំផុត។

ឈប់យកច្បាប់មកលេងសើច ព្រឹត្តិការណ៍បង្ក្រាបនេះ ក្រុមជនល្មើសលែងប្រើប្រាស់តែរថយន្តកែច្នៃ ឬរថយន្តស៊េរីចាស់ៗដូចមុនទៀតហើយ ប៉ុន្តែពួកគេបានឈានទៅប្រើប្រាស់រថយន្តស៊េរីទំនើប កម្លាំងខ្លាំង និងគ្មានស្លាកលេខ ក្នុងគោលបំណងបន្លំភ្នែកសមត្ថកិច្ច និងងាយស្រួលក្នុងការបើកបរគេចខ្លួនក្នុងល្បឿនលឿន។

ប្រតិបត្តិការដ៏ជោគជ័យរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថស្រុករវៀង នាពេលនេះ គឺជាសារដាស់តឿនដ៏មានទម្ងន់ និងជាការព្រមានចុងក្រោយទៅដល់ជនខិលខូចទាំងឡាយ ដែលនៅតែបន្តលួចលាក់បំផ្លាញ និងជួញដូរធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិ។ មិនថាអ្នកប្រើប្រាស់រថយន្តស៊េរីទំនើបប៉ុនណា ឬព្យាយាមដកស្លាកលេខ ដើម្បីលាក់បាំងអត្តសញ្ញាណយ៉ាងណានោះទេ ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់ និងការតាមដានយ៉ាងម៉ឺងម៉ាត់របស់សមត្ថកិច្ចបានឡើយ។

ការបន្តសកម្មភាពទាំងនេះ មានតែនាំខ្លួនទៅរកការប្រឈមមុខ ចំពោះមុខច្បាប់ បាត់បង់ទាំងទ្រព្យសម្បត្តិ ទាំងសេរីភាព និងបន្សល់ទុកនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរតែប៉ុណ្ណោះ។ សមត្ថកិច្ចខេត្តព្រះវិហារ បានបញ្ជាក់ជំហររួចជាស្រេចហើយថា វិធានការច្បាប់នឹងត្រូវអនុវត្ត «ដោយគ្មានការយោគយល់ និងគ្មានការលើកលែង» ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យខាងតែបាន៕ដោយ៖ឡុង សំបូរ