អភិបាលខេត្តស្ទឹងត្រែង ចែកពូជដំណាំជិត ៣ម៉ឺនដើម ជូនសម្បទានិក ៦៥០គ្រួសារ នៅស្រុកសេសាន

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋជាសម្បទានិក ៦៥០គ្រួសារ នៃគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានទទួលពូជដំណាំប្រមាណជិត ៣០,០០០ដើម ដើម្បីជំរុញការដាំដុះ បង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់សន្តិសុខស្បៀងនៅតាមសហគមន៍។

ក្នុងពិធីចុះពិនិត្យស្ថានភាព និងចែកពូជដំណាំ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយ លោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសម្បទានិក នៅតំបន់អនុវត្តគម្រោង ស្ថិតក្នុងឃុំស្រែគរ និងឃុំសាមឃួយ ស្រុកសេសាន។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឱ្យដឹងថា ពូជដំណាំដែលត្រូវបានចែកជូនប្រជាពលរដ្ឋរួមមាន ស្វាយ ដូង ទៀប ខ្នុរ និងក្រូចឆ្មារ សរុបប្រមាណជិត ៣០,០០០ដើម ដែលគាំទ្រដោយគម្រោង LASED III។ លោកថា ការផ្តល់ពូជដំណាំនេះ មានគោលបំណងជំរុញការបង្កបង្កើនផល ការបង្កើតមុខរបរថ្មី ការបង្កើនចំណូលគ្រួសារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញឱ្យសម្បទានិកទាំងអស់ដែលទទួលបានដីពីគម្រោង ត្រូវចូលមករស់នៅឱ្យបានគ្រប់គ្រួសារ និងខិតខំប្រើប្រាស់ដីអាស្រ័យផលប្រមាណ ៣ហិកតា ក្នុងមួយគ្រួសារ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកអភិបាលខេត្ត បានអំពាវនាវកុំឱ្យទុកដីទំនេរចោល ដោយត្រូវប្រែក្លាយដីទាំងនោះទៅជាប្រភពផលិតកម្ម និងទុនសេដ្ឋកិច្ចសម្រាប់គ្រួសារ។​ លោកបានបញ្ជាក់ថា ដីដែលផ្តល់ជូនក្រោមគម្រោង LASED III គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលមានសិទ្ធិទទួលផល។ ប៉ុន្តែ ក្នុងករណីដែលម្ចាស់សិទ្ធិមិនចូលមករស់នៅ ឬមិនប្រើប្រាស់ដីស្របតាមលក្ខខណ្ឌរបស់គម្រោង អាជ្ញាធរនឹងចាត់វិធានការដកហូតដី និងលំនៅឋានមកវិញ ដើម្បីផ្តល់ជូនគ្រួសារដែលមានតម្រូវការពិតប្រាកដផ្សេងទៀត។

គួរបញ្ជាក់ថា គម្រោង LASED III ទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការផ្តល់ពូជសត្វ និងពូជបន្លែ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា សាលារៀន ប៉ុស្តិ៍សុខភាព ស្រះទឹកសហគមន៍ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មជ្ឈមណ្ឌលសហគមន៍ និងប្រព័ន្ធធារាសាស្ត្រ។

គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តពីគម្រោង LASED ដំណាក់កាលទី១ និងទី២ ក្នុងគោលបំណងជួយដល់គ្រួសារក្រីក្រ និងគ្រួសារខ្វះដីធ្លីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផល ព្រមទាំងគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច។ គម្រោងនេះអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមរយៈពេលអនុវត្ត ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦៕ដោយ៖ឡុង សំបូរ