កម្មវិធីផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ច្បាប់ ស្តីពីកាតព្វកិច្ចយោធា នៅឃុំស្វាយចេក ស្រុកអង្គរធំ

0

ខេត្តសៀមរាប: ក្រោមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប និង នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានអយ្យការយោធា និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ និងឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក អង្គរធំ ខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និង ច្បាប់ ស្តីពីកាតព្វកិច្ចយោធា ជូនដល់ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាល , មេភូមិ និងប្រជា ការពារភូមិ នៃឃុំទាំង៤របស់ស្រុកអង្គរធំ ខេត្តសៀមរាប ។
ក្នុងការផ្សព្វផ្សាយនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា ក៏បានគូសបញ្ជាក់ថា តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបនិងបោសសម្អាតកុំឲ្យកើតមាននៅកម្ពុជា នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដើមី្បកុំឲ្យកើតមានក្នុងភូមិសាស្ត្រខេត្តសៀមរាប  ដើមី្បរួមគ្នាប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (០៦ មេសា ២០២៦) ហើយត្រូវបានធ្វើការផ្សព្វផ្សាយជូនបងប្អូននាពេលនេះ ។ ឯកឧត្តមបានបន្តទៀតថា ការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា   គឺ  ជាភារកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុក ឃុំ  ក្នុងការ  បង្ក្រាប និង បោសសម្អាត ដែលកំពុងលួចប្រព្រឹត្ត បទល្មើសខុសច្បាប់ឲ្យអស់ ក្នុងភូមិ ឃុំ ស្រុករបស់ខ្លួន ។ ម៉្យាងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង កងកម្លាំងទាំងអស់ ត្រូវពិនិត្យជនបរទេស ដែលបានមកជ្រកស្នាក់នៅ ឬរស់នៅប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រតាមភូមិ ឃុំ របស់ខ្លួន ។ ឯកឧត្តមក៏បានបញ្ជាក់ថា ការបំផុសចលនាយុទ្ធនាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា មានគោលដៅសំខាន់ ក្នុងការអប់រំ បណ្តុះស្មារតីស្នេហាជាតិ និងបង្កើនធនធានយុវជនជំនាន់ក្រោយឲ្យចូលរួមចំណែកការពារមាតុភូមិ  និង បង្កើនបរិមាណសាច់ទ័ព និង លើកកម្ពស់ប្រសិទ្ធភាពវិស័យការពារជាតិ ព្រមទាំងជួយដុសខាត់ស្មារតី សុជីវធម៌ វិន័យ  និង  ការធ្វើការងារជាក្រុមរបស់យុវជន  ។ ឯកឧត្តម ម៉ក់ សីហា បានបញ្ជាក់ថា ជាច្រើនទសវត្សន៍កន្លងមកកងយោធពលខេមភូមិន្ទ បានឆ្លងកាត់តាមដំណាក់កាលជាច្រើន នៅគ្រប់កាលៈទេសៈ នៃប្រវត្តិសាស្ត្រជាតិ  ។  កងយោធពលខេមរភូមិន្ទ តែងតែប្រកាន់ខ្ជាប់នូវឧត្តមគតិ ឆន្ទៈនិងការទទួលខុសត្រូវពោពេញដោយពលិកម្មគ្រប់រូបភាពក្នុងបុព្វហេតុការពារ និង កសាងជាតិ ។  ឯកឧត្តម បានបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ។ ច្បាប់កាតព្វកិច្ចយោធា មានគោលបំណងអនុវត្តតាមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា  ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ។ ដើម្បីបំពេញសេចក្តីត្រូវការកម្លាំងជាយោធិននៅពេលមានតម្រូវការចាំបាច់ ក្រសួងការពារជាតិអាចជ្រើសរើសមួយផ្នែកនៃកងកម្លាំង ដែលជាយោធិនកាតព្វកិច្ចចូលបម្រើជាយោធិនអាជីព ។ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ ស្របតាមគោលការណ៍ស្ម័គ្រចិត្តនៃច្បាប់នេះ (ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល)។
មានប្រសាសន៍នោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន បានធ្វើការណែនាំដល់រដ្ឋបាលស្រុក ឃុំ កម្លាំង សមត្ថកិច្ចទាំងបី និង ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តគិតគូ និង បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និង គ្រួសារវីរៈកងទ័ព ឲ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និង ជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មណ្ឌលសុខភាពនៃឃុំទាំងបួន និង ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជម្ងឺផ្សេងៗទៀតផង ៕