សៀមរាប: ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ និងបុណ្យដឹងគុណបឹងទន្លេសាប ក្រោមប្រធានបទ «ទស្សនាភូមិភាគបៃតងនៃកម្ពុជា នៅសហគមន៍កំពង់ឃ្លាំង» ត្រូវបានប្រារព្ធឡើងជាផ្លូវការ នៅបរិវេណកំពង់ចម្លងទូកទេសចរណ៍ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍ធម្មជានៅរដូវវស្សា (Green Season) បំផុសចលនាថែរក្សាបរិស្ថាន និងជំរុញជីវភាពប្រជាសហគមន៍។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់ខេត្តសៀមរាប ក៏ដូចជាស្រុកសូទ្រនិគម ជាពិសេសប្រជាសហគមន៍ក្នុងឃុំកំពង់ឃ្លាំង។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទេសចរណ៍បៃតង ទេសចរណ៍សហគមន៍ និងទេសចរណ៍ធម្មជាតិ ដែលជាវិស័យអាទិភាពមួយក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះមិនត្រឹមតែបង្ហាញពីសម្រស់ធម្មជាតិដ៏សម្បូរបែបនៃរដូវកាលបៃតងនោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវការដឹងគុណ និងការទទួលស្គាល់តម្លៃដ៏ធំធេងរបស់បឹងទន្លេសាប ដែលជាប្រភពជីវិត សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជាយើង។ លោក ង៉ូវ សេងកាក់ មានប្រសាសន៍ទៀតថា ខេត្តសៀមរាប ជាពិសេសតំបន់បឹងទន្លេសាប និងសហគមន៍កំពង់ឃ្លាំង គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់ទាំងផ្នែកធម្មជាតិ វប្បធម៌ និងទេសចរណ៍សហគមន៍។ ការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹក ប្រពៃណី វប្បធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប បានក្លាយជាអត្តសញ្ញាណពិសេស ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនា និងសិក្សាស្វែងយល់។ យើងក៏ត្រូវទទួលស្គាល់ថា បញ្ហាបរិស្ថាន ដូចជាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហាប្រឈមធំមួយ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី។
ដូច្នេះ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាវេទិកាសំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹង និងជម្រុញសកម្មភាពជាក់ស្ដែងក្នុងការថែរក្សាបរិស្ថានឲ្យបានយូរអង្វែង។ លោកក៏សូមអរគុណចំពោះក្រុមការងារ និងសមាគមទេសចរណ៍ក្នុងឃុំកំពង់ឃ្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា និង ធ្វើការសម្ដែងបានយ៉ាងល្អ ក្នុងការឆ្លុះបញ្ចាំងពីការងារអប់រំផ្សព្វផ្សាយ បរិស្ថាន ក៏ដូចជាការបង្ហាញពីតម្លៃនៃការប្រើប្រាស់ និងអភិរក្សជីវចម្រុះដ៏សម្បូរបែបនៅក្នុងតំបន់បឹងទន្លេសាប។ ហើយក៏សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សហគមន៍ វិស័យឯកជន យុវជន និងប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាថែរក្សាធនធានធម្មជាតិ និងបរិស្ថានរបស់យើងឲ្យបានគង់វង្ស ដើម្បីឲ្យកម្ពុជា ជាពិសេសខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍បៃតងប្រកបដោយភាពទាក់ទាញ គុណភាព និងចីរភាពសម្រាប់ពិភពលោក។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍គឺជា «ការនាំចេញនៅនឹងកន្លែង» ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន និងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ពិតណាស់ សហគមន៍កំពង់ឃ្លាំងមានលក្ខណៈពិសេសដាច់គេលើ «ទេសចរណ៍អត្តសញ្ញាណជលផលប្រវត្តិសាស្ត្រ»។ ដូច្នេះដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិស្របតាមនិន្នាការអេកូទេសចរណ៍ ប្រជាសហគមន៍ និងអាជ្ញាធរទាំងអស់ត្រូវរួមគ្នាសម្អាតបរិស្ថាន និងធានាបដិសណ្ឋារកិច្ចឲ្យបានល្អ ព្រោះបើខ្វះអនាម័យ យើងនឹងបាត់បង់គោលដៅទេសចរណ៍ដ៏មានតម្លៃនេះភ្លាមៗ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះ ចាប់ពីថ្ងៃទី២៦-២៧ ខែមិថុនា ដោយមានសកម្មភាពយ៉ាងសម្បូរបែប រួមមាន ក្បួនដង្ហែយានយន្តបរិស្ថាន ក្បួនដង្ហែតុក្កតាជើងគោកបឹងទន្លេសាប កម្មវិធីរត់កម្សាន្តដើម្បីសុខភាព និងការប្រកួតល្បែងប្រជាប្រិយអ្នកចម្បាំងបឹងទន្លេសាប។ បន្ទាប់ពីកម្មវិធីផ្លូវការ នឹងមានការបន្តរៀបចំបុណ្យភូមិសហគមន៍ ផ្សាររាត្រីលក់ម្ហូបអាហារ និងការសម្តែងល្ខោនបាសាក់ ដើម្បីញ៉ាំងឲ្យបរិយាកាសកាន់តែអធិកអធម និង សប្បាយរីករាយផងដែរ៕




































