(កំពង់ធំ) ៖ លោក សាយ គឹមឡម ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើជីវភាពជនពិការ និងគ្រួសារងាយរងហានិភ័យ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសមធម៌សង្គម លោក សាយ គឹមឡម បានលើយកការណែនាំ និង
លើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយរាល់ការលំបាកចំពោះជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព ព្រមទាំងគ្រួសារងាយរងហានិភ័យនៅក្នុងសហគមន៍។
នៅក្នុងឱកាសនោះលោក បានគូសបញ្ជាក់ថា បងប្អូនជនពិការ និងគ្រួសារងាយរងហានិភ័យ គឺជាក្រុម ដែលត្រូវការការជួយគាំទ្រ និងការគិតគូរជាប្រចាំ ទាំងផ្នែកស្មារតី សេវា និងជីវភាពប្រចាំថ្ងៃ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលនៅកៀកកិតជិតស្និទ្ធជាមួយប្រជាពលរដ្ឋបំផុត ដូច្នេះត្រូវតែ ចុះពិនិត្យ និងវាយតម្លៃផ្ទាល់ ក្តាប់ឱ្យបានច្បាស់លាស់ពីចំនួន និងស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ ដើម្បីផ្តល់ជំនួយបានទាន់ពេលវេលាសម្របសម្រួលសេវាគាំពារសង្គម ហើយធានាថាបងប្អូនទទួលបានរបបគោលនយោបាយ និងប័ណ្ណសមធម៌នានាពីរាជរដ្ឋាភិបាលដោយតម្លាភាព ជាពិសេសត្រូវបង្កើនការលើកទឹកចិត្ត លុបបំបាត់ការរើសអើង និងផ្តល់ឱកាសស្មើៗគ្នាក្នុងសហគមន៍។
លោកសង្កត់ធ្ងន់ថា «ការចូលរួមចំណែកជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពបងប្អូនជនពិការ និងគ្រួសារងាយរងគ្រោះ មិនត្រឹមតែជាតួនាទីស្នូលរបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដែលមិនអាចខ្វះបានឡើយ»។
សកម្មភាព និងការណែនាំដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រ និងការត្រេកអរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រោះវាបានបង្ហាញពីការមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ ហើយក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា បងប្អូនជនពិការនិងគ្រួសាររងហានិភ័យទាំង៥គ្រួសារ ក្នុង១នាក់ ទទួលបាននូវ÷ អង្ករ១បេ មីកេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយឡែកអ្នកស្រី លន់ យីម ទទួលបានទឹកប្រាក់បន្ថែមចំនួន១០ម៉ឺនរៀល និងទទួលបាននូវអង្ករចំនួន១បេក្នុងមួយខែពីលោកអភិបាលស្រុកស្ទោង។





































