រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្ត​ ចុះពិនិត្យច្រាំងទន្លេនៅក្រុងកំពង់ចាម​ ដើម្បីត្រៀមស្តារឡេីងវិញ

0

កំពង់ចាម​:​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។

ស្របពេលនៃការពិនិត្យសិក្សាស្តារ និងសាងសង់ច្រាំងទន្លេនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តនឹងសហការគ្នាឲ្យបានល្អ ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះឱ្យបានឆាប់រហ័ស និងមានគុណភាពរឹងមាំយូរអង្វែង។ ជាមួយគ្នានេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៍បានបញ្ជាឲ្យអាជ្ញាធរក្រុង​ សហការ​គ្នាជាមួយសមត្ថកិច្ចធ្វេីការប្រើប្រាស់កម្លាំងសមត្ថកិច្ច ដេីម្បីប្រចាំការហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើចេញចូលតំបន់បាក់ស្រុតច្រាំងទន្លេជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។

ក្នុងឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការសិក្សាលម្អិតពីស្ថានភាពច្រាំងទន្លេនេះ ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តគម្រោងសាងសង់ច្រាំងទន្លេប្រកបដោយគុណភាពរឹងមាំយូរអង្វែង និងមានសោភ័ណភាព សម្រាប់ការប្រើប្រាស់ពហុបំណង និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

គូសបញ្ជាក់​ថា​ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានហេតុការណ៍បាក់ស្រុតច្រាំងទន្លេនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។មូលហេតុ ការបាក់ស្រុតច្រាំងទន្លេនៅទីតាំងខាងលើនេះ បណ្តាលមកពីទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ៦ ម៉ែត្រ៕