សៀមរាប: រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីប្រមូលនូវតម្រូវការ ក្ដីកង្វល់របស់ប្រជាពលរដ្ឋឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធធ្វើការបកស្រាយ ក្នុងនៃជម្រុញឲ្យការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាក្នុងវេទិកានេះ ដើម្បីឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសនោះដែរ លោក រិន ឡូត អភិបាលស្រុក ក៏បានជម្រាបជូនអង្គវេទិកាអំពីសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តរបស់រដ្ឋបាលស្រុក លើការងាររដ្ឋបាលទូទៅ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច និងសមិទ្ធផល គម្រោងមូលនិធិស្រុក មូលនិធិឃុំ ឆ្នាំ២០២៥-២០២៦ ។ សម្រាប់ការងារបន្ត មន្ត្រីពាក់ព័ន្ធនឹងបន្តការដោះស្រាយនូវភាពអសកម្មភាពផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ជាពិសេសការចូលរួមសហការជាមួយមន្ទីរអង្គភាពស្ថាប័ននានា ដើម្បីយកមកអភិវឌ្ឍន៍នៅមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដោយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ក្នុងស្រុកឲ្យកាន់តែរីកចម្រើន។ លោកអភិបាលស្រុក ក៏បានប្ដេជ្ញាពីការបន្តការងារដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លី និងទប់ស្កាត់ការកាប់ទន្ទ្រានដីធ្លី ការសាងសង់សំណង់ខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ ។ បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបន្តគាំទ្រគម្រោងផែនការធ្វើស្រែប្រាំង ក្នុងឃុំព្រះដាក់ ឃុំរំចេក ឃុំត្បែង និងបន្តចូលរួមគាំទ្រសហគមន៍កសិកម្មទំនើបស្វាយចន្ទីឃុនរាម និងសហគមន៍កសិកម្មទំនើបបន្លែសសី ក៏ជាទិសដៅការងារបន្តរបស់រដ្ឋបាលស្រុកផងដែរ។
សូមជម្រាបថា វេទិកានាឱកាសនេះ ក្រុមការងារបានទទួលសំណួរ សំណូមពរពីប្រជាពលរដ្ឋដោយផ្ទាល់ និងជាលាយលក្ខអក្សចំនួន១៩ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាអគ្គិសនី និងស្នើសុំធ្វើផ្លូវ ។ បញ្ហាទាំងអស់ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរ មូលដ្ឋាន ធ្វើការស្រាយបំភ្លឺ និងទទួលយក ដើម្បីពន្លឿនក្នុងការដោះស្រាយផងដែរ។
ថ្លែងបិទវេទិកា លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់បងប្អូនជូនដល់អង្គវេទិកាបានដឹង ដើម្បីធ្វើបំភ្លឺ និងឆ្លើយតប ។ ចំពោះសំណួរ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់សម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី សម្រាប់យកទៅធ្វើសេចក្ដីសំរេចចិត្តក្នុងការវិភាជន៍ធនធាន ការផ្តល់សេវាសាធារណៈ និងការ អភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប និងតម្រូវការប្រជាពលរដ្ឋ។ ដោយឡែកចំពោះសំណួរ និងសំណូមពរ ដែល អង្គវេទិកាមិនទាន់បានឆ្លើយតបពេលនេះ ក្រុមប្រឹក្សាស្រុកនឹងធ្វើការឆ្លើយតបជាលាយលក្ខអក្សរនៅពេលក្រោយជាមិនខាន៕





































