ខេត្តស្ទឹងត្រែង៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីប្រកាសជាផ្លូវការ នូវសមាសភាពប្រធានកិត្តិយស និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ។
ពិធីនេះបានប្រព្រឹត្តទៅ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្តីសម្រេច ថ្នាក់ដឹកនាំដែលត្រូវប្រកាសតែងតាំងរួមមាន៖ ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល ត្រូវបានតែងតាំងជា ប្រធានកិត្តិយស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ,ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល ត្រូវបានតែងតាំងជា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរាយការណ៍ពីវឌ្ឍនភាពការងារ ដោយសង្កត់ធ្ងន់ថា គណបក្សខេត្ត តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្ត្រនយោបាយ «យកប្រជាជនជាស្នូល»។ ឯកឧត្តមបន្តថា គោលនយោបាយដ៏ត្រឹមត្រូវនេះ បានបំប្លែងទឹកដីភូមិភាគឦសានមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល។ ឯកឧត្តមបានបន្ថែមថា គណបក្សខេត្តបាននិងកំពុងបើកវគ្គបំប៉ននយោបាយ ព្រមទាំងធ្វើទំនើបកម្មគ្រប់គ្រងទិន្នន័យសមាជិកបក្ស តាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងបានទទួលស្វាគមន៍សមាជិកថ្មីៗ ដែលស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាបន្តបន្ទាប់។
ឯកឧត្តម សោម សឿន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្មារតីទទួលខុសត្រូវ និងការលះបង់របស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តស្ទឹងត្រែង។ ឯកឧត្តមបានគូសបញ្ជាក់ថា ជោគជ័យនៃការបោះឆ្នោតកន្លងមក មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត និងឯកឧត្តម ផៃ ប៊ុនឈឿន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពពលរដ្ឋនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈចាត់តាំង បានដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗមួយចំនួន ដោយជំរុញការធ្វើបច្ចុប្បន្នភាព និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតរបស់សមាជិកបក្ស ដែលសម្រេចបានអត្រា ៨០ភាគរយ រួចមកហើយ (ខេត្តស្ទឹងត្រែងជាខេត្តទី១៥) ឱ្យកាន់តែរឹងមាំ និងច្បាស់លាស់ ,ត្រូវជំរុញប្រជាពលរដ្ឋគ្រប់អាយុឱ្យធ្វើអត្តសញ្ញាណបណ្ណ ដើម្បីមានសិទ្ធិចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងរៀបចំបញ្ជីបេក្ខជនផ្ទៃក្នុងបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបានល្អប្រសើរ ដោយធានាឱ្យមានបេក្ខជនជាស្ត្រីយ៉ាងតិច ១នាក់ ក្នុងគ្រប់ឃុំ-សង្កាត់។
ឯកឧត្តម សោម សឿន បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈសម្បត្តិទាំងនេះ គឺដើម្បីធានាការគាំទ្រពីប្រជាពលរដ្ឋ និងដណ្តើមយកប្រៀបឈ្នះទាំងស្រុង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ នាពេលខាងមុខដ៏ខ្លីនេះ៕ដោយ៖ឡុង សំបូរ






































