ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ដោយដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ជិត ៣៨គីឡូក្រាម នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ ៧៤៧ ដឹកនាំនិងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមន្ទីរបរិស្ថានខេត្ត ក្នុងកិច្ចប្រតិបត្តិការស្ទាក់បង្ក្រាបបទល្មើសគ្រឿងញៀននៅតាមភូមិសាស្ត្រដងទន្លេមេគង្គ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចផ្ទាល់បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ ជនសង្ស័យបានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាងថ្នាំញៀនមួយចំនួនធំ។ ក្រោយការរឹបអូសវត្ថុតាងនៅកន្លែងកើតហេតុ លុះមកដល់វេលាម៉ោង ០៩និង៥០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ករណីនេះបានឈានដល់ដំណាក់កាលត្រួតពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ពិធីថ្លឹងនិងត្រួតពិនិត្យនេះ ធ្វើឡើងក្រោមវត្តមាន៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ,លោក អ៊ន រី ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង ,លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំង លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ៖ វត្ថុតាងគ្រឿងញៀនដែលបានរឹបអូសខាងលើ គឺមានប្រភេទមេតំហ្វេតាមីន (ICE / ម៉ាទឹកកក) ចំនួន ៣៧ កញ្ចប់ធំ ដែលមានទម្ងន់សរុប ៣៧,៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់) ឬប្រហាក់ប្រហែលជិត ៣៨ គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងដុតដៃដុតជើងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់ ព្រមទាំងបន្តស្រាវជ្រាវ និងដេញប្រមាញ់ស្វែងរកតម្រុយ ដើម្បីចាប់ខ្លួនជនសង្ស័យដែលបានរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន៕ដោយ៖ឡុង សំបូរ





































