សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាចាំបាច់បំផុត និងជាគ្រឹះស្ថាន ក្នុងការបង្កើនប្រសិទ្ធភាពការងារ

0

ប៉ៃលិន៖ នេះជាការលើកឡើងរបស់លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្នុងឪកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ។
លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការទាំងអស់ នៅក្នុងមន្ទីរព័ត៌មានខេត្ត ដែលបានបំពេញភារកិច្ចស្នូល យ៉ាងសកម្មក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ។ លោក ក៍មានប្រសាសន៍គូសបញ្ជាក់ថា មន្ទីរព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពអភិវឌ្ឍន៍នានា របស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ បានជ្រាបទាន់ពេលវេលា ក៏ដូចជាការឆ្លុះបញ្ចាំង ពីតម្រូវការរបស់ប្រជាពលរដ្ឋត្រឡប់មកវិញផងដែរ។ពាក់ព័ន្ធការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ លោក ញ៉ឹប បូរី ប្រធានមន្ទីរ បានសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាព នៃការសរសេរអត្ថបទព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ (Content) ឱ្យកាន់តែមានភាពទាក់ទាញ ខ្លីខ្លឹម និងទាន់ហេតុការណ៍។ ជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កុំប្រឌិតព័ត៌មាន និងត្រូវដើរឱ្យទាន់ការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលអាចបង្កចលាចលក្នុងសង្គម។
ដើម្បីបន្តជម្រុញការងារព័ត៌មានខេត្តប៉ៃលិនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោក ញ៉ឹប បូរី បានដាក់ចេញនូវទិសដៅសំខាន់ៗ រួមមាន៖ បន្តសាមគ្គីភាពផ្ទៃក្នុង ព្រោះវាជាកត្តាចាំបាច់បំផុត និងជាគ្រឹះស្ថានក្នុងការបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងជួយបង្កើតនូវបរិយាកាសការងារមួយ ដែលពោរពេញដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលនៅក្នុងអង្គភាពទាំងមូល ,បង្កើនកិច្ចសហការ និងសាមគ្គីភាពរវាងការិយាល័យជំនាញជុំវិញមន្ទីរ ដើម្បីធានាឱ្យរាល់កិច្ចការងារដំណើរការទៅដោយរលូន, បន្តជម្រុញការផ្សព្វផ្សាយ ពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងកសិកម្ម របស់ខេត្តប៉ៃលិន (ដូចជា ផ្លែតាង៉ែន ធុរេន និងកសិផលផ្សេងៗ) ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ឱ្យកាន់តែខ្លាំងក្លា និងបន្តធ្វើជាសេនាធិការដ៏រឹងមាំ ជូនរដ្ឋបាលខេត្តប៉ៃលិន និងក្រសួងព័ត៌មាន ក្នុងការគ្រប់គ្រង និងតម្រង់ទិសវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត ឱ្យមានសណ្តាប់ធ្នាប់ល្អ។
គួររំលឹកផងដែរថា៖ តាមរយៈកិច្ចប្រជុំនេះ ការដឹកនាំរបស់ លោក ញ៉ឹប បូរី បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅក្នុងខេត្តប៉ៃលិន ឱ្យស្របតាមការវិវត្ត នៃសង្គមឌីជីថលទំនើប ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍខេត្តទាំងមូលផងដែរ៕ អត្ថបទ ភ្នំខៀវ ប៉ៃលិ