ខេត្តស្វាយរៀង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៦» ដែលត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅតំបន់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ។
«ទិវាមច្ឆាជាតិ» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងយ៉ាងសំខាន់ក្នុងការបំផុសស្មារតី និងបង្កើតជាចលនាជាតិទាំងមូល ឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ ស្របពេលជាមួយគ្នានេះផងដែរ មានត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ប្រមាណ១,៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិនៃទន្លេវ៉ៃគោ។
ឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការគន្លឹះ ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗយ៉ាងម៉ឺងម៉ាត់បំផុត។ វិធានការទាំងនោះរួមមាន៖ ការកែទម្រង់ក្របខ័ណ្ឌច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ,ការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ៖ ធានាឱ្យបាននូវការការពារធនធានធម្មជាតិយ៉ាងពិតប្រាកដ និងដើម្បីធានាថា ធនធានជលផលដ៏មានតម្លៃរបស់ជាតិ នៅតែបន្តភាពសម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។
យោងតាមទិន្នន័យផ្លូវការ វិស័យជលផលកម្ពុជា បានបង្ហាញពីសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ដោយនៅក្នុងឆ្នាំ២០២៥ កន្លងទៅ ផលជលផលសរុបសម្រេចបានរហូតដល់ ៩៧៨ ៥៦០ តោន ដែលមានការកើនឡើង ៥,៦% បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ផលនេសាទទឹកសាប៖ ៥១៤ ៨៣០ តោន (កើនឡើងយ៉ាងគំហុកដល់ទៅ ១០%) ,ផលនេសាទសមុទ្រ៖ ១៤០ ១៦០ តោន ,ផលវារីវប្បកម្ម (ការចិញ្ចឹមត្រី)៖ ៣២៣ ៥៧០ តោន។
ការហក់ឡើងនៃផលនេសាទទឹកសាបនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ពីសំណាក់សមត្ថកិច្ចជំនាញរដ្ឋបាលជលផល ក្រោមការសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ។
លើសពីនេះទៅទៀត ប្រភពព័ត៌មាន និងការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ (មហាជន) បានក្លាយជា «កម្លាំងចលករដ៏មានឥទ្ធិពល» ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយចីរភាព និងរស់រវើកឡើងវិញ៕s/b






































