រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំឆមាសទី១ វះកាត់ចំណុចខ្វះខាត និងពង្រឹងវិន័យការងារមន្ត្រីកាន់តែម៉ឺងម៉ាត់

0

ខេត្តស្ទឹងត្រែង៖ វឌ្ឍនភាពការងារឆមាសទី១ និងទិសដៅបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបាននាំយកមកជជែក និងឆ្លុះបញ្ចាំងយ៉ាងក្តៅគគុក នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកជាច្រើនរូប។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំនេះមិនមែនត្រឹមតែជាការអានរបាយការណ៍ធម្មតានោះទេ ប៉ុន្តែជារបៀបវារៈវាយតម្លៃយ៉ាងស៊ីជម្រៅ ដោយផ្តោតលើការពិភាក្សា និងឆ្លុះបញ្ចាំងដោយត្រង់ទៅត្រង់មក លើរាល់បញ្ហាប្រឈមនានា ដែលបានកើតឡើងតាមវិស័យ និងតាមមូលដ្ឋាននីមួយៗ ក្នុងបំណងស្វែងរកដំណោះស្រាយរួមមួយ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត។

នៅក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារ តាមមន្ទីរអង្គភាពនីមួយៗ ព្រមទាំងបានដេញដោល និងពិភាក្សាយ៉ាងផុសផុលទៅលើចំណុចខ្វះខាតជាក់ស្តែង ដែលបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកបានជួបប្រទះ ក្នុងការអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមក។

ការបើកកិច្ចប្រជុំត្រួតពិនិត្យជាប្រចាំ និងជាឆមាសនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសារវន្តដល់ការងារដឹកនាំ ដោយបានជួយ ពង្រឹងយន្តការការងារ៖ បង្កើតឱ្យមានសាមគ្គីភាព និងកិច្ចសហការកាន់តែជិតស្និទ្ធរវាងអន្តរមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជួយឱ្យថ្នាក់ដឹកនាំខេត្តដឹងច្បាស់ពីស្ថានភាពជាក់ស្តែងរបស់មន្ត្រីរាជការ ដើម្បីជួយតម្រង់ទិស និងពង្រឹងរបៀបរបបធ្វើការឱ្យកាន់តែមានសណ្តាប់ធ្នាប់ ធានាផែនការច្បាស់លាស់ ដែលជាការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តសម្រាប់ឆមាសបន្ទាប់។

នាយករដ្ឋបាលខេត្តស្ទឹងត្រែង លោក ញ៉ែម វណ្ណយុត្តិ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុកទាំងអស់ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មក្នុងឆមាសទី១កន្លងមកនេះ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជា និងផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីក្រោមឱវាទឱ្យមានវិន័យ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវរួមគ្នាប្តេជ្ញាចិត្តដោះស្រាយរាល់ចំណុចខ្វះខាត ដែលនៅសេសសល់ ដើម្បីជំរុញការអនុវត្តផែនការការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ឱ្យទទួលបានលទ្ធផលជោគជ័យ និងកាន់តែមានប្រសិទ្ធភាពទ្វេឡើង៕ដោយ៖ឡុង សំបូរ