ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យតំបន់អភិរក្សពូជត្រី និងណែនាំប្រជាពលរដ្ឋដែលកំពុងរស់នៅលើតំបន់អភិរក្ស នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយលោក ជិន ស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពនៅក្នុងតំបន់អភិរក្សពូជត្រី និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំប្រជាពលរដ្ឋដែលកំពុងរស់នៅលើតំបន់អភិរក្សពូជត្រី នៅតំបន់ព្រែកធ្លក ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក ជិន សុីថា បានបញ្ជាក់ថា៖ តំបន់អភិរក្សពូជត្រីនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ មានចំនួន ២ កន្លែងគឺ តំបន់អភិរក្សអតីតឡូត៌លេខ២ព្រែកខ្សាច់មាន ៥ ព្រែក គឺ ព្រែកខ្សាច់ ព្រែកធ្លក ព្រែកតាប៉ា ព្រែកបា ព្រែកណាំ និងកន្លែងអភិរក្សឡូត៍លេខ២ស្ទួន។ កន្លែងអភិរក្សទាំង ២កន្លែងនេះ បច្ចុប្បន្នមានប្រភេទត្រីគ្រប់មុខដែលកំពុងសំបូរឡើងវិញ ហើយជាមួយនោះ មានប្រភេទត្រីកម្រមួមួយចំនួន បានមានវត្តមានឡើងវិញនៅក្នុងឆ្នាំនេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរដ្ឋបាលជលផល និងស្ថាប័នជំនាញមួយចំនួនទៀត ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រតំបន់បឹងទន្លេសាប ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលបច្ចុប្បន្នផលត្រីបានសម្បូរឡើងវិញនៅគ្រប់ទីកន្លែង  ហើយបច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងបន្តសកម្មភាពក្នុងការការពារតំបន់អភិរក្សពូជត្រី និងបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ព្រមទាំងយកចិត្តទុកដាក់ការពារតំបន់អភិរក្ស នៅក្នុងតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងឱកាសត្រួតពិនិត្យតំបន់អភិរក្សពូជត្រី នៅក្នុងរដូវបិទនេសាទនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ជិន ស៊ីថា ក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ៧ គ្រួសារ ដែលកំពុងរស់នៅដាំបន្លែបង្ការ លើតំបន់ព្រែកអភិរក្សពូជត្រី ស្ថិតនៅក្នុងតំបន់ព្រែកធ្លក នឹងបានណែនាំជម្រាបជូនគាត់អំពីច្បាប់ស្ដីពីជលផល និងហាមការនេសាទត្រីគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងតំបន់អភិរក្ស ជាដាច់ខាត ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និង​លោក​ជិន​ សុីថាក៍បានសំណូមពរដល់អាជ្ញាធរដែនដី មេត្តាពិនិត្យករណីនេះ តាមច្បាប់ស្ដីពីជលផល និងមានវិធានការដោះស្រាយសមស្រប ៕