លោក ព្រឹម រដ្ឋា  ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តសៀមរាបឯកឧត្តម នាក់ ណេរ៉ុន ដែលបានទៅទទួលភាកិច្ចថ្មីនៅក្រសួងមហាផ្ទៃ

0

សៀមរាប: លោក ព្រឹម រដ្ឋា  ឋានន្តរស័កឧត្តមន្ត្រី ថ្នាក់លេខ៣ ដែលត្រូវបាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ទេរភារកិច្ចពីអភិបាលរងនៃគណៈភិបាលខេត្តកំពង់ធំ ឲ្យមកកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ជំនួស ឯកឧត្តម នាក់ ណេរ៉ុន ដែលបានទៅទទួលភាកិច្ចថ្មីនៅក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុំ ម៉ារ៉ា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម  អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តមប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព រដ្ឋបាល ក្រុង ស្រុក និង ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ គូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំ គ្រប់គ្រង និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន បានល្អប្រសើរ ដែលបង្ហាញឱ្យឃើញតាមរយៈចំនួន​បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស មានការថមថយចុះគួរឲ្យកត់សម្គាល់ ព្រមទាំងទប់ស្កាត់យ៉ាងហ្មត់ចត់លើបទល្មើស(online scams)។ពង្រឹងយន្តការរដ្ឋបាល របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសសេវាសាធារណៈគ្រប់កម្រិត គ្រប់ស្ថាប័ន មន្ទីរ-អង្គភាព ដែលមានការប្រទាក់ក្រឡាគ្នា សំដៅធានាប្រសិទ្ធភា​ព​​នៃការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ឆាប់រហ័ស តម្លាភាព សន្សំសំចៃពេលវេលា និងថវិកាជូនប្រជាពលរដ្ឋ និងខិតខំអនុវត្តការផ្តល់សេវារដ្ឋបាល ដែលទទួលបានតាម ប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលខេត្តមានជំនឿជឿជាក់យ៉ាងមុតមាំថា ឯកឧត្ដម ព្រឹម រដ្ឋា ដែលបាននិងកំពុងរៀបចំពិធីប្រកាសចូលកាន់តំណែងនាពេលនេះ នឹងបន្តខិតខំអនុវត្ត តាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត  ប្រកបដោយមនសិការ វិជ្ជាជីវៈ មានស្មារតីទទួល  ខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានស្នាដៃធំៗ បន្តទៀត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានឯកភាព ទៅលើរបាយការណ៍របស់រដ្ឋបាលខេត្ត និង វាយតម្លៃខ្ពស់ពីលទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រង ការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តជម្រុញការកសាងភាពធន់ និង អភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។  ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាវិស័យឧស្សាហកម្មគ្មានផែ្សង ដែលមានប្រាង្គប្រាសាទល្បីៗ សំខាន់ប្រាសាទអង្គរវត្ត ជាមេមាន់ពង់មាស ដែលជាចំណូលមិនចេះរីងស្ងួតរបស់ប្រទេសជាតិកម្ពុជា ។ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានបន្តទៀតថា ដើមី្បធានាបានសន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅ ខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវធ្វើការពង្រឹងយន្តការ ចំពោះការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ហារបស់រាជរដ្ឋាភិបាល ដោយបានធ្វើការចុះបង្ក្រាប និង ត្រូវធ្វើការការពាររក្សាឲ្យបានល្អនូវរាល់វត្ថុតាងរបស់ក្រុមឆបោក ។ ការអនុវត្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល ក្នុងការរក្សានូវកិត្តិយសមុខមាត់របស់ប្រទេសជាតិ និងធ្វើឲ្យភ្ញៀវទេសចរ អ្នកវិនិយោគ ផ្តោតមកកម្ពុជា សំខាន់ខេត្តសៀមរាប លើវិស័យ ទេសចរណ៍។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញដល់ក្រុមប្រឹក្សា សមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ត្រូវពង្រឹងយន្តការ គោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ព្រមទាំងបាននូវអនុសាសន៍ល្អៗ ដែលជាប្រធានបទសំខាន់ៗ ក្នុងការប្រឡងប្រណាំងភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ៕