ខេត្តស្ទឹងត្រែង៖ បុរសជាអ្នកនេសាទម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សម្រេចឃាត់ខ្លួនជាផ្លូវការ បន្ទាប់ពីស្រាវជ្រាវរកឃើញថា បានលួចលាក់ទុកវត្ថុតាងគ្រឿងញៀនចំនួន ៣កញ្ចប់ធំ (ប្រហាក់ប្រហែល ៣គីឡូក្រាម) ដែលបន្សល់ទុកនៅលើទូករបស់ក្រុមជួញដូរ ក្នុងអំឡុងពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបនៅលើដងទន្លេមេគង្គ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡេង ណាត អាយុ ៤២ ឆ្នាំ មុខរបរប្រជានេសាទ មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជននេះត្រូវបានកម្លាំងជំនាញចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
ប្រភពពីកងរាជអាវុធហត្ថខេត្តបានរំលឹកជុំវិញអង្គហេតុនេះថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ។ នៅក្នុងការបង្ក្រាបនោះ ទូកដឹកគ្រឿងញៀនចំនួន ២ការ៉ុងរបស់ក្រុមជនសង្ស័យ បានបើកទៅបុកជាមួយទូកអ្នកនេសាទ បណ្តាលឱ្យជនល្មើសភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកទូក និងកញ្ចប់វត្ថុតាងនៅនឹងកន្លែង។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា វត្ថុតាងអាចនឹងមានការប៉ះពាល់ ឬបាត់បង់មួយចំនួន ដោយសារមានមនុស្សក្រៅចូលទៅជិតទូកកើតហេតុមុនពេលសមត្ថកិច្ចទៅដល់។ ក្រោយការបើកការស៊ើបអង្កេត និងសាកសួរយ៉ាងម៉ឺងម៉ាត់ ជុំវិញក្រុមអ្នកនេសាទនៅតំបន់នោះ ទើបធ្លាយតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួនចេញពីទូករបស់ជនល្មើស។ ភ្លាមៗនោះ សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅធ្វើការឆែកឆេរ រហូតរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣កញ្ចប់ធំ ដែលជននេះលាក់ទុក និងឈានទៅឃាត់ខ្លួនតែម្តង។
គួររំលឹកផងដែរថា នៅក្នុងការពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការខេត្ត វត្ថុតាងដែលកម្លាំងជំនាញបង្ក្រាបបានដំបូងមានចំនួន ៣៧ កញ្ចប់ធំ (ទម្ងន់សរុប ៣៧,៧១១.៧ ក្រាម ឬជិត ៣៨ គីឡូក្រាម)។ ប៉ុន្តែបន្ទាប់ពីដកហូតបានវត្ថុតាង ៣កញ្ចប់ធំ បន្ថែមទៀតពីចោរលួច (ឈ្មោះ ឡេង ណាត) ធ្វើឱ្យចំនួនគ្រឿងញៀនសរុបក្នុងកិច្ចប្រតិបត្តិការនោះ កើនឡើងដល់ ៤០ កញ្ចប់ធំ (ទម្ងន់ប្រហាក់ប្រហែល ៤០ គីឡូក្រាម)។
បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀនទាំងអស់ ត្រូវបានរក្សាសុវត្ថិភាពទុកជាបណ្តោះអាសន្ន។ ខណៈពេលនេះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យឈ្មោះ ឡេង ណាត ទៅកាន់តុលាការចាត់ការតាមច្បាប់ ព្រមទាំងបន្តយុទ្ធនាការស្រាវជ្រាវ ដេញប្រមាញ់ស្វែងរកចាប់ខ្លួនមេខ្លោង និងបក្ខពួកដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន៕ដោយ៖ឡុង សំបូរ






































