កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូ ទី លុម្ពិនី ដែលបានលះបង់ពេលវេលាចុះពិនិត្យ និងព្យាបាលសុខភាព
ភ្នែក ព្រមទាំងផ្តល់ ថ្នាំ និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកដោយឥតគិតថ្លៃ ប្រមាណ ១.៥០០នាក់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការចុះពីនិត្យ ពិគ្រោះ និងព្យាបាលសុខភាពភ្នែក ដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំ កម្ពុជា នាពេលនេះ គឺ ដើម្បីលើកម្ពស់សុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែក មួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ គឺ យើងត្រូវទៅកាន់សេវាពេទ្យឯកជន និងត្រូវការចំណាយប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ យ៉ាងណាមិញ ទន្ទឹមនឹងការកសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្ត ទុកដាក់ខ្ពស់ ផងដែរ អំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិត រស់នៅបានយឺនយូរ ចាំបាច់ ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសំណូមពដល់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសនេប៉ាល់ សូមបន្តសកម្មភាពសប្បុរសធម៌ ចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្អូនប្រជាពលរដ្ឋ នាពេលក្រោយៗ បន្តទៀត សំដៅលើក កម្ពស់សុខមាលភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ ៕






































