(កំពង់ធំ)÷ ស្ថិតនៅបរិវេណវិទ្យាល័យរស្មីសោភ័ណ្ឌ ស្រុកស្ទោង ខេត្តកំពង់ធំ បានក្លាយជាទីតាំងដ៏សំខាន់មួយ ក្នុងការរៀបចំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី ២។
ពិធីនេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភ័ក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម អ៊ុន បុត្ត អភិបាលរង តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តនិងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលរងស្រុកស្ទោង លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង១.៥០០នាក់។
ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តកំពង់ធំ ដែលបានរៀបចំយុទ្ធនាការនេះឡើង ចំពេលដែលសង្គមឌីជីថលកំពុងដើរតួនាទីយ៉ាងលឿន និងបានជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្ត បន្តផ្សព្វផ្សាយសារនេះឱ្យបានទូលំទូលាយ។ ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខដែលអាចបំផ្លាញសណ្តាប់ធ្នាប់សង្គម និងសេចក្តីថ្លៃថ្នូររបស់បុគ្គលបានយ៉ាងងាយ។ ក្មួយៗជាទំពាំងស្នងឫស្សី និងជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដូច្នេះត្រូវមាន”វិចារណញ្ញាណ” ខ្ពស់ មុននឹងចុច Share ត្រូវសួរខ្លួនឯងថា តើព័ត៌មាននេះពិតឬក្លែងក្លាយ? ចេញពីប្រភពណា? និងផ្តល់ផលប្រយោជន៍ដល់សង្គមដែរឬទេ? ។ ព័ត៌មានក្លែងក្លាយគឺជាបញ្ហាប្រឈមដ៍ធំមួយនៅក្នុងយុគសម័យឌីជីថល ដែលវាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល។
ព័ត៌មានក្លែងក្លាយ ជារឿយៗត្រូវបានគេប្រើប្រាស់ដើម្បីញុះញង់ បង្កើតការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ដែលធ្វើឱ្យមានការបែកបាក់សាមគ្គីភាព និងអាចឈានទៅដល់អំពើហិង្សាទៀតផង។ 
មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តម អ៉ីវ ផល្លី បានជម្រាបជូនថា យុទ្ធនាការនេះគឺត្រូវបានផ្ដួចផ្ដើមនិងដឹកនាំដោយឯកឧត្តម នេត្រ ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មាន និងធានាការទទួលព័ត៌មានពិត ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទូទៅ។ ខណៈការទទួលនិងប្រើប្រាស់ព័ត៌មានប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ យុទ្ធនាការនេះត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់កាត់បន្ថយផលវិបាកអវិជ្ជមាន និងការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានដែលបង្កើតឡើងដោយបច្ចេកវិទ្យាសិប្បនិមិត្តAI។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តទៀត នៅក្នុងការរស់នៅជាមួយប្រព័ន្ធឌីជីថល យុវវ័យបច្ចុប្បន្នកុំពុងប្រឈមនឹងគ្រោះថ្នាក់មាន៣យ៉ាងរួមមាន៖ ១.ព័ត៌មានក្លែងក្លាយមានដូចជា ការប្រឌិតរឿង កាត់តរូបភាពបង្កើតភាពវឹកវរក្នុងសង្គម។ ២.ការផ្សាយដើម្បីឆបោកតាមអនឡាញ ដោយជនឆបោកបានផ្ញើលីញបោកប្រាស់ ដើម្បីលួចទិន្នន័យ និងគណនេយ្យ។ ៣.ការគម្រាមកំហែងតាមពាក្យសំដី តាមការប្រើប្រាស់ពាក្យជេរប្រមាថ និងបង្ហោះរូប ភាពសើចចំអកតាមអនឡាញ។
ឯកឧត្តមបានអោយដឹងថា កាលពីឆ្នាំ២០២៥កន្លងទៅនេះ មានព័ត៌មានក្លែងក្លាយជិត៤.០០០ព័ត៌មាន ដែលបានចាក់ចូលក្នុងបណ្ដាញសង្គម ជាព័ត៌មានប៉ះពាល់ទៅដល់សង្គម ប៉ះពាល់ទៅដល់ស្ថេរភាព សន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដែលនិយាយជារួមគឺបង្កចលាចលសង្គម។ ដើម្បីទប់ស្កាត់បញ្ហានេះ ទាំងបុគ្គលនិងសង្គមត្រូវបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ដោយការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿឬចែករំលែក។ យុទ្ធនាការនៅវិទ្យាល័យរស្មីសោភ័ណ្ឌ បានបន្សល់ទុកនូវការយល់ដឹងថ្មីមួយសម្រាប់យុវជនស្រុកស្ទោង ក្នុងការធ្វើជាខែលការពារសង្គមឌីជីថល ឱ្យមានភាពស្អាតស្អំនិងសុវត្ថិភាព ។ ក្នុងឱកាសនោះ ដើម្បីឱ្យយុទ្ធនាការកាន់តែមានភាពរស់រវើក និងជ្រាបចូលក្នុងស្រទាប់យុវវ័យ មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៍មានសំណួរ-ចម្លើយ ចំណាប់អារម្មណ៍របស់លោកនាយក លោកគ្រូអ្នកគ្រូ និងការប្ដេជ្ញាចិត្តរបស់សិស្សានុសិស្សផងដែរ។ អត្ថបទលោក ធូ កែវមុនី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។






































