ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្ម សំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ

0

(កំពង់ធំ) ៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្មនិងសំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៦០% ដែលស្ថិតក្នុង ភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា សំណង់ស្ទាក់ទឹកបន្ទាយស្ទោង មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក «៣០កញ្ញា» រួចបន្តហូរតាមបណ្តោយស្ទឹងស្ទោង ឆ្ពោះទៅកាន់បឹងទន្លេសាប។ គិតត្រឹមដើមខែកក្កដានេះ លទ្ធផលការងារសាងសង់សំណង់ស្ទាក់ទឹកនៅលើស្ទឹងស្ទោង សម្រេចលទ្ធផលបានប្រមាណ ៦០% នៃគម្រោងទាំងមូល។

ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ គម្រោងមួយនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏យ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន២៧៥០ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ២៨៨០ គ្រួសារ គ្របដណ្តប់លើភូមិចំនួន១៤ ក្នុងឃុំបន្ទាយស្ទោង និងឃុំផ្សេងទៀតដែលនៅជិតនេះថែមទៀត។

លើសពីនេះទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនេះនឹងក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹក ជំនន់ស្ទឹងស្ទោងដែលបានមកពីស្អាងទឹក30កញ្ញា ដែលអាចជួយពង្វៀងមិនឱ្យជនលិចទីរួមស្រុកស្ទោង និងផ្នែកខ្លះនៃឃុំទ្រា ឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូងផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕