ខេត្តក្រចេះ៖ ធនធានធម្មជាតិ ជាពិសេស «ដែនជម្រកសត្វព្រៃ-ព្រៃឡង់» ដែលជាសួត និងជាបេះដូងបៃតងដ៏សំខាន់របស់កម្ពុជា កំពុងស្ថិតក្នុងរបៀបវារៈក្តៅ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់បទបញ្ជាផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ត្រូវរួមដៃគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីធ្លីខុសច្បាប់ឱ្យខានតែបាន។
ប្រសាសន៍ណែនាំប្រកបដោយអត្ថន័យជ្រាលជ្រៅរបស់ សម្តេចតេជោ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។ សម្តេចតេជោ បានណែនាំដោយផ្ទាល់ដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចនៃខេត្តទាំង៤ គឺ«ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ» ដែលមានភូមិសាស្ត្រជាប់តំបន់ព្រៃឡង់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត និងមានវិធានការក្តៅ ក្នុងការទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ទាំងឡាយ ដើម្បីការពារកុំឱ្យដីព្រៃដ៏មានតម្លៃនេះ រងការកាប់បំផ្លាញរហូតក្លាយជាតំបន់រិចរិលហួសពេលស្រោចស្រង់ «អាជ្ញាធរខេត្តទាំង៤ ត្រូវតែសហការគ្នាជិតស្និទ្ធ បោះដៃរកគ្នា កុំធ្វើការបែបដាច់ដោយដុំ ដើម្បីការពារសម្បត្តិធម្មជាតិរួមមួយនេះ»។
គួររំលឹកផងដែរថា ដែនជម្រកសត្វព្រៃព្រៃឡង់ គឺជាតំបន់ការពារធម្មជាតិដ៏សំខាន់ និងមានតម្លៃមិនអាចកាត់ថ្លៃបាន នៅភាគខាងជើង-កណ្តាលនៃប្រទេសកម្ពុជា។ ជាមួយនឹងផ្ទៃដីដ៏ធំល្វឹងល្វើយជាង «៤៣ម៉ឺនហិកតា» គ្របដណ្តប់លើខេត្តទាំង៤ ខាងលើ ព្រៃឡង់ត្រូវបានពិភពលោកទទួលស្គាល់ និងចាត់ទុកជា «ព្រៃវាលទំនាបត្រូពិចដ៏ធំជាងគេ និងចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអាកាសធាតុ កិច្ចការពារបរិស្ថាន និងជាជម្រកសុវត្ថិភាពរបស់សត្វព្រៃកម្រៗជាច្រើនប្រភេទ។
ទោះបីជាមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធយ៉ាងណាក្តី ប៉ុន្តែសួតបៃតងដ៏ធំមួយនេះ នៅតែបន្តរងការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ក្រុមជនខិលខូច ដែលលួចកាប់ឈើ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអាណាធិបតេយ្យ។
យោងតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរ បានគូសបញ្ជាក់ពីតួលេខគួរឱ្យភ្ញាក់ផ្អើលថា គ្រាន់តែនៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦ នេះ៖ កម្លាំងចម្រុះ (មន្ត្រីឧទ្យានុរក្ស អាជ្ញាធរ និងសហគមន៍) បានចុះល្បាតសរុបចំនួន ៨៥៣ លើក ,បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ ករណី (ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងកាប់ឈើខុសច្បាប់) ,សំណុំរឿងចំនួន ៨៣ ករណី ត្រូវបានកសាង និងបញ្ជូនទៅកាន់តុលាការ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១៣ នាក់។
ក្រៅពីនេះ នៅក្នុងប្រតិបត្តិការនាពេលកន្លងមក ក្រុមការងារក៏បានដកហូត និងរឹបអូសសម្ភារៈល្មើសច្បាប់ជាច្រើន ដូចជា ម៉ាស៊ីនអារឈើ យានយន្ត ក៏ដូចជាបានកម្ទេចអន្ទាក់សត្វជាច្រើន ដែលលួចដាក់ដោយខុសច្បាប់នៅក្នុងព្រៃអភិរក្សនេះផងដែរ។
បទបញ្ជាដ៏ក្តៅគគុករបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ មិនត្រឹមតែជាការដាស់តឿនដល់អាជ្ញាធរខេត្តទាំង៤ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយផ្ញើទៅកាន់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យងាកមកចូលរួមចំណែកការពារ និងស្រឡាញ់ធនធានធម្មជាតិ។ ការបណ្តោយឱ្យព្រៃឡង់រងការបំផ្លាញ មិនមែនជាការបាត់បង់របស់ខេត្តណាមួយនោះទេ ប៉ុន្តែវាគឺជាការបាត់បង់មរតកធម្មជាតិដ៏មហាសាលរបស់ជាតិខ្មៅទាំងមូល ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅ និងអនាគតរបស់កូនចៅជំនាន់ក្រោយ៕ដោយ៖ឡុង សំបូរ







































