១៨ឆ្នាំនៃការគ្រងស្បៃបេតិកភណ្ឌពិភពលោក៖ ព្រះវិហារស្នាមរបួសពីភ្លើងសង្គ្រាម និងការក្រោកឈរឡើងវិញដោយមោទនភាព!

0

ខេត្តព្រះវិហារ៖ ស្រមោលអតីតកាលនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំជើបរំជួល និងមោទនភាពជាតិ បានត្រឡប់មកដាស់ស្មារតីកូនខ្មែរគ្រប់រូបជាថ្មីម្តងទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២៦) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញ ​។

ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ (ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត) ដោយមានការចូលរួមពីថ្នាក់ដឹកនាំគន្លឹះ រួមមាន លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការរំលឹកពីសោកនាដកម្មឆ្នាំ២០២៥ កន្លងទៅ ភ្លើងសង្គ្រាមជារលកទីពីរ និងការបំផ្លិចបំផ្លាញពីយោធាសៀម ពិធីខួបអនុស្សាវរីយ៍ឆ្នាំនេះ មិនត្រឹមតែជាការអបអរសាទរតម្លៃជាសកល នៃត្បូងពេជ្រវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកទាំងក្តីក្តុកក្តួល និងភាពអង់អាចក្លាហាន ចំពោះព្រឹត្តិការណ៍ក្តៅគគុកកាលពីឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ ដែនដីអធិបតេយ្យភាពរបស់ខ្មែរនៅតំបន់ប្រាសាទព្រះវិហារ បានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាលើកទីពីរ តាមរយៈការធ្វើសង្គ្រាមឈ្លានពានពីរលើកផ្ទួនៗពីសំណាក់ទាហានសៀម។

«គ្រាប់ផ្លោងអាវុធធុនធ្ងន់រាប់មិនអស់ត្រូវបានស្រោចមកលើតួប្រាសាទ គួបផ្សំនឹងការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងយ៉ាងព្រហើន ធ្វើឱ្យប្រាសាទបុរាណអាយុកាលរាប់ពាន់ឆ្នាំមួយនេះ ត្រូវរងការខ្ទេចខ្ទាំ និងខូចខាតរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ នេះជាការវាយប្រហារមិនត្រឹមតែមកលើដែនដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបំផ្លិចបំផ្លាញដល់មរតកមនុស្សជាតិទាំងមូល ដែលការពារដោយច្បាប់អន្តរជាតិ។»។

ទោះជាយ៉ាងណា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងស្មារតីស្នេហាជាតិដ៏មហិមា កងយោធពលខេមរភូមិន្ទ បានប្ដូរផ្ដាច់ពលិកម្មសាច់ស្រស់ឈាមស្រស់ វាយបកបណ្តេញសត្រូវឈ្លានពាន ការពារការពារបូរណភាពទឹកដី និងរក្សាបាននូវទឹកដីមរតកដូនតាយ៉ាងរឹងមាំដូចផ្ទាំងថ្ម។

សកម្មភាពលើសមរភូមិវប្បធម៌ ឆ្នាំ២០២៦ ជាឆ្លើយតបទៅនឹងវិនាសកម្មនៃសង្គ្រាមកាលពីឆ្នាំមុន នៅក្នុងរបាយការណ៍ស្តីពីសមិទ្ធផលឆ្នាំ២០២៦ លោក គង់ ពុទ្ធិការ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកោតសរសើរ ក្នុងការស្រោចស្រង់ប្រាសាទព្រះវិហារឡើងវិញ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNESCO និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC-Preah Vihear) សហការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (NPMEC) ដើម្បីធានាសុវត្ថិភាពទាំងស្រុងជុំវិញបរិវេណប្រាសាទ ប្រើប្រាស់ប្រព័ន្ធហ្វូតូក្រាមម៉េទ្រី (Photogrammetry) ដើម្បីស្កែន និងចងក្រងទិន្នន័យស្រាវជ្រាវឌីជីថល វាយតម្លៃការខូចខាតរចនាសម្ព័ន្ធប្រាសាទពីគ្រាប់រំសេវ ក្រុមការងារបច្ចេកទេសបានទល់ទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទ ដែលមានហានិភ័យខ្ពស់បាក់ស្រុត បានចំនួន ២២ ទីតាំង បានប្រមូល និងបែងចែកបំណែកថ្មប្រាសាទ ដែលបែកបាក់ដោយសារគ្រាប់ផ្លោងបំផ្លិចបំផ្លាញ បានសរុបចំនួនរហូតដល់ ២៥,០២៥ បំណែក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សិក្សាស្រាវជ្រាវប្រព័ន្ធផ្លូវទឹកបុរាណ និងសម័យទំនើប ដើម្បីបង្ការការបាក់ស្រុតដីគ្រឹះប្រាសាទនាពេលខាងមុខ។

ទន្ទឹមនឹងនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងវប្បធម៌ និងបានសម្តែងការកោតសរសើរស្មារតីវីរភាពរបស់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានឈរជើងយ៉ាងរឹងមាំ ការពារ ថែរក្សា និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រដ៏ពិសិដ្ឋមួយនេះ។

«ទោះក្នុងតម្លៃណាក៏ដោយ បូរណភាពទឹកដីត្រូវតែរក្សា» មានប្រសាសន៍ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ពីជំហរដែលមិនអាចរំកិលបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអភិរក្សសម្បត្តិវប្បធម៌ជាតិ ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គ ឬការគំរាមកំហែងបែបណាក៏ដោយ។

លោកជំទាវបានដាក់ទិសដៅណែនាំឱ្យអាជ្ញាធរជាតិព្រះវិហារ បន្តសហការជិតស្និទ្ធជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការជួសជុលឡើងវិញនូវរាល់ការខូចខាត ស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ជុំវិញឱ្យមានពណ៌បៃតងឡើងវិញ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

លោកជំទាវរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អង្គការ UNESCO និងសហគមន៍អន្តរជាតិ ដែលបានឈរនៅខាងយុត្តិធម៌ និងជួយជ្រោមជ្រែងកម្ពុជាកន្លងមក ព្រមទាំងអំពាវនាវដល់ជនរួមជាតិគ្រប់រូប ត្រូវបន្តរួមកម្លាំងសាមគ្គីជាធ្លុងមួយ ដើម្បីការពារមរតកដ៏ស្កឹមស្កៃនៅលើកំពូលភ្នំដងរែកនេះ ឱ្យស្ថិតស្ថេរចិរកាលតទៅ សមជា «វិញ្ញាណក្ខន្ធ និងជាដួងព្រលឹងពិតប្រាកដរបស់បុព្វបុរសខ្មែរ»៕ដោយ៖ឡុង សំបូរ