មេបញ្ជាការរងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤២ អញ្ជើញសំណេះសំណាល យោធិនចូលសោធននិវត្តន៍ផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

0

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៤២ បានប្រារព្ធពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជូននៅសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់យោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់បណ្តាអង្គភាពចំណុះឲ្យកងពល ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព វរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរងជានាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២។

លោក វរសេនីយ៍ឯក ឡុង ណៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ជូនចំពោះបងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់កងពលតូចថ្មើរជើងលេខ៤២ នាពេលនេះថា គឺជាគំរូវីរៈភាពដ៏អង់អាចក្លាហាន ដែលកន្លងមកពួគាត់បានចូលរួមធ្វើពលីកម្មដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ និងបានផ្ដួលរំទប់ស្កាត់ ការវិលត្រឡប់ឡើងវិញនៅរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិបានពេញលេញ។

លោក វរសេនីយ៍ឯក បានបន្តផ្តាំផ្ញើរ ដល់បងប្អូនយោធិនសោធននិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌទាំងអស់ ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ របស់សង្គមជាតិ ដោយត្រូវគោរពច្បាប់នានារបស់រដ្ឋឲ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកបរបររកស៊ីចិញ្ចឹមជីវិត ប្រកបដោយភាពសុច្ចរិត ចូលរួមគ្រប់សកម្មភាពរបស់សង្គម ដើម្បីអោយប្រទេសជាតិបន្តមានការរីកចំរើនទៅមុខថែមទៀត។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឡុង ណៃ បាននាំយកនូវថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាក់ វង្សនិងលោកជំទាវ ចិន សាមី ជូនដល់យោធិនដែលត្រូវដាក់ឲ្យចូល សោធននិវត្តន៍ទាំងអស់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងអង្ករ គ្រឿងឧបភោកបរិភោកផងដែរ។ដោយ៖ភ្នំដងរ៉ែក