មោទនភាពជាតិខ្មែរ៖ កម្ពុជាអបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ឆ្លុះបញ្ចាំងពីតម្លៃមហាសាលនៃស្ថាបត្យកម្មដែលមានអាយុកាលជាង ១ពាន់ឆ្នាំមួយនេះ

0

ខេត្តព្រះវិហារ៖ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រារព្ធ និងអបអរសាទរយ៉ាងអធិកអធមនូវខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ នាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា(០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២៦)។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាការរំលឹកដល់ជ័យជម្នះ នៃកិច្ចការទូត និងច្បាប់អន្តរជាតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញទៅកាន់ពិភពលោក នូវតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន នៃមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងភាពសុខសាន្ត នៃប្រជាជាតិខ្មែរ។

ព្រឹត្តិការណ៍កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាទំព័រប្រវត្តិសាស្ត្រថ្មីដ៏រុងរឿងបំផុតមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានយុត្តិធម៌ និងអធិបតេយ្យភាពពេញលេញ លើប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយពីឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ (ICJ) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ឆ្លងកាត់ការលះបង់ និងកិច្ចខិតខំប្រឹងប្រែងគ្រប់ជំនាន់ ប្រាសាទព្រះវិហារបានក្លាយជាទ្រព្យសម្បត្តិរួម នៃមនុស្សជាតិទាំងមូល ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិយ៉ាងរឹងមាំ។

ភាពវិសេសវិសាលនៃស្ថាបត្យកម្ម និងវិស្វកម្មខ្មែរបុរាណ បើពិនិត្យទៅលើទម្រង់ស្ថាបត្យកម្ម ប្រាសាទព្រះវិហារត្រូវបានអ្នកជំនាញអន្តរជាតិប្រសិទ្ធនាមថាជា «ម្ចាស់ក្សត្រីនៃប្រាសាទភ្នំ» ដោយសារតែសំណង់នេះមានលក្ខណៈពិសេសប្លែកពីប្រាសាទដទៃទៀត ក្នុងតំបន់អង្គរ។ ជំនួសឱ្យការរៀបចំជាទម្រង់ប្រាសាទភ្នំ មានកំពែងព័ទ្ធជុំវិញជាថ្នាក់ៗ ដូនតាខ្មែរបានរចនាប្រាសាទនេះឡើងតាមបណ្តោយ «អ័ក្សលីនេអ៊ែរ» (Linear Axis) ពីជើងទៅត្បូង មានប្រវែងរហូតដល់ទៅ ៨០០ ម៉ែត្រ ដែលលាតសន្ធឹងយ៉ាងស្កឹមស្កៃស្របទៅតាមស្ថានភាពភូមិសាស្ត្រចោត នៃកំពូលភ្នំខ្ពស់ជាងគេ នៃជួរភ្នំដងរែក គឺមានកម្ពស់រហូតដល់ប្រមាណ ៥២៥ ម៉ែត្រធៀបនឹងផ្ទៃសមុទ្រ។

ប្រាសាទដ៏ពិសិដ្ឋនេះ ត្រូវបានកសាង និងពង្រីកជាបន្តបន្ទាប់ចាប់តាំងពីចុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១២ ដោយចាប់ផ្តើមដំបូងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ និងបន្តស្ថាបត្យកម្មយ៉ាងខ្លាំងក្លាក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២។ រចនាសម្ព័ន្ធនៃខ្លោងទ្វារ ឬហ្គោបុរៈ (Gopura) ទាំង ៥ ថ្នាក់ ដែលតភ្ជាប់គ្នាដោយជណ្តើរ និងផ្លូវដើរធ្វើពីថ្មភក់ ឆ្លុះបញ្ចាំងពីការវិវត្តនៃសិល្បៈខ្មែរយ៉ាងច្បាស់លាស់ រាប់ចាប់ពីរចនាបថកោះកេរ្តិ៍ បាពួន រហូតដល់រចនាបថអង្គរវត្ត។

គួររំលឹកថា ការប៉ះទង្គិចគ្នាដោយអាវុធដែលបណ្តាលឱ្យមានវិនាសកម្ម និងការខូចខាតខ្លះៗដល់តួប្រាសាទ (ជាពិសេសហ្គោបុរៈទី៥ និងទី១) គឺបានកើតឡើងកាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ នៅក្នុងរយៈពេលនោះ រាល់ការខូចខាតទាំងនោះត្រូវបានជួសជុល និងអភិរក្សឡើងវិញជាបន្តបន្ទាប់ ក្រោមជំនួយបច្ចេកទេស និងកិច្ចសហការយ៉ាងយកចិត្តទុកដាក់រវាងអាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ (UNESCO)។

ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ២០២៥ កន្លងទៅនេះ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញបានរងការខូចខាតយ៉ាងដំណំជាថ្មីម្តងទៀត ដោយសារជម្លោះប្រដាប់អាវុធ និងការប្រើប្រាស់អាវុធធុនធ្ងន់ពីទាហានសៀម បង្កឲ្យប្រាសាទនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងកំពុងអន្តរាគមន៍សង្គ្រោះបន្ទាន់លើទីតាំងដែលមានហានីផ័យខ្ពស់ ដោយអាជ្ញាធរជាតិព្រះវិហារ។ ការខូចខាតលើសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនត្រឹមតែជាការបាត់បង់ និងការឈឺចាប់សម្រាប់ប្រជាជាតិខ្មែរប៉ុណ្ណោះទេ តែជាការបាត់បង់សម្រាប់មនុស្សជាតិទូទាំងសកលលោក។

តម្លៃសកលវិសេសវិសាល និងកាតព្វកិច្ចការពារមរតកជាតិ ប្រាសាទព្រះវិហារមិនត្រឹមតែជាសំណង់វិស្វកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែជាដួងព្រលឹង និងជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ អធិបតេយ្យភាព និងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរគ្រប់ជំនាន់។ អង្គការយូណេស្កូបានទទួលស្គាល់ «តម្លៃសកលវិសេសវិសាល» (Outstanding Universal Value) នៃប្រាសាទនេះ ដោយសារតែភាពចុះសម្រុងគ្នាយ៉ាងឥតខ្ចោះ រវាងស្ថាបត្យកម្មដ៏ប្រណីត សាសនា ព្រហ្មញ្ញសាសនា (ឧទ្ទិសថ្វាយព្រះសិវៈ) និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សា។

ក្នុងឱកាសខួបទី១៨ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិព្រះវិហារ បានប្រកាសប្តេជ្ញាបន្តបេសកកម្មការពារ និងស្តារឡើងវិញប្រាសាទព្រះវិហារពីការបំផ្លិចបំផ្លាញ ហើយបន្តកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិរក្សនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌នេះឲ្យបានគង់វង្ស ជាមរតកសម្រាប់ប្រជាជាតិខ្មែរ និងមនុស្សជាតិទូទាំងសកលលោក។

ការអបអរសាទរខួបទី១៨នេះផងទៀត គឺជាការអំពាវនាវ និងរំលឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសស្រទាប់យុវជនជំនាន់ក្រោយ ឱ្យបន្តចូលរួមថែរក្សា ការពារ និងលើកតម្កើងតម្លៃមរតកដូនតាមួយនេះឱ្យបានគង់វង្ស និងល្បីរន្ធឺនៅលើឆាកអន្តរជាតិនាពេលអនាគត៕ដោយ៖ឡុង សំបូរ