ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ក្នុងខែកក្កដា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះស្ថិត
ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគ្រប់គ្រង ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលនៃសកម្មភាពការងារ ការពារ គ្រប់គ្រងថែរក្សាធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រចាំខែមិថុនា និងទិសដៅសម្រាប់អនុវត្តខែកក្កដាឆ្នាំ ២០២៦ ។
នៅក្នុងឱកាសនេះ ដោយបានការអនុញ្ញាតពីឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ ស្ដីពីលទ្ធផលការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលកន្លងទៅ ដើម្បីជូនអង្គប្រជុំបានជ្រួតជ្រាប ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ជាង ២ឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានរកឃើញ និងដកហូតដីព្រៃឈើដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងបណ្ដាឆ្នាំកន្លងទៅ បានចំនួនជាង ៤,៣០០ ហិកតា លើចំនួន ៣៣៩ ទីតាំងផ្សេងៗគ្នា ។ ហើយបច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងគ្រប់គ្រងការពារដីដែលបានដកហូតទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ។ និងកំពុងការពារមិនឲ្យមានការកាប់ទន្ទ្រានជាថ្មីបានទៀតជាដាច់ខាត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់អំពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសនៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ដោយបានវាយតម្លៃថា បទល្មើសនេសាទ នៅក្នុងខេត្តកំពង់ធំ មានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ ។ ហើយបច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងការពារយ៉ាងយកចិត្តទុកដាក់នៅតំបន់អភិរក្សពូជត្រី និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនៅក្នុងរដូវបិទនេសាទនេះយ៉ាងសកម្ម ។ ហើយឆ្នាំនេះ ផលត្រីគ្រប់ប្រភេទនៅគ្រប់ទីកន្លែងបានសម្បូរឡើងវិញ ជាបណ្ដើរៗហើយ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបឲ្យបាន មិនឲ្យមានរបាំស្បៃមុងកើតឡើងនៅគ្រប់ទីកន្លែងបានទៀតឡើយ។ ហើយត្រូវសហការគ្នាក្នុងការបង្ក្រាបបទល្មើសឆក់ត្រីគ្រប់ប្រភេទឲ្យបានជាដាច់ខាត។ ជាមួយនេះ ត្រូវរួមគ្នាក្នុងការការពារតំបន់អភិរក្សពូជត្រីឲ្យបាន ដើម្បីទុកឲ្យត្រីពងកូននៅក្នុងរដូវបិទនេសាទនេះ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លៃនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង ទាំង ៦ នៅប៉ៃខាងក្រោមផ្លូវជាតិលេខ ៦ ត្រូវគ្រប់គ្រងឱ្យបានដីនៅក្នុងតំបន់ ៣ មិនឱ្យមានការកាប់កន្ទ្រានជាដាច់ខាត ។ ដោយឡែក នៅប៉ែកខាងលើផ្លូវជាតិលេខ ៦ គណៈបញ្ជាការស្រាល ត្រូវរួមសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដែលមានការពាក់ព័ន្ធ ដើម្បីការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបានបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឲ្យបានជាដាច់ខាត ។






































