ពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និវត្តជន ខេត្តសៀមរាប និង សាខាសមាគមអតីតយុទ្ធជន និវត្តជនកម្ពុជា ឃុំ សង្កាត់ ខេត្តសៀមរាប

0

សៀមរាប: លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨  ខែ កក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្ត,ក្រុង ,ស្រុក និង សាខាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ឃុំ សង្កាត់ ខេត្តសៀមរាប  នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងប្រដាប់អាវុធទាំង៣, រដ្ឋបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់, និង មន្ត្រីមានការពាក់ព័ន្ធ ប្រមាណជាង៣០០នាក់ចូលរួម ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត និង ជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត តាមរបាយការណ៍របស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តបានឲ្យដឹងថា គឹតមក ត្រឹមខែ មិថុនា ឆ្នាំ២០២៦នេះ អតីតមន្ត្រីរាជការចូលនិវត្តន៍ ចំនួន ២ពាន់៨៨នាក់ , អតីតយុទ្ធជនមានសមាជិកសរុប ចំនួន ៦ពាន់៦២២នាក់ ក្នុងនោះនិវត្តជន មាន២ពាន់៧២៨នាក់ ,ជនពិការ ១ពាន់៩៣៣នាក់ ,ជនពលី ១ពាន់៦៤៥នាក់ , ជនមរណៈ ១៧៨នាក់ និង ជនបាត់បង់ ១៣៨នាក់ ។ អ្នកមិនបានចូលជាសមាជិកសមាគម មានចំនួន ២ពាន់ ៧៣៤នាក់ ក្នុងនោះ និវត្តជន ៧០០នាក់ ,ជនពិការ ៤២នាក់ ,ជនពលី ១ពាន់១២១នាក់ និង ជនមរណៈ៨៧១នាក់ ។
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បាននាំយកថវិកាប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន បានចំនួន១០២គ្រួសារ មាន ទឹកប្រាក់សរុប ៤០៨លានរៀល ។
បន្ទាប់ពិធីប្រកាសសមាសភាព និង ការប្រគល់សេចក្តីសម្រេចរបស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារួចមក លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ក្រុង ស្រុក និង សាខាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប គឺជាការជម្រុញបន្ថែមទៀត នូវការសម្របសម្រួល និងការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគម ខេត្ត ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួន ។ លោកក៏បានលើកឡើងផងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍន៍រីកចម្រើន រហូតដល់សព្វថ្ងៃ ។ លោក នាក់ ណេរ៉ុន ក៏បានគាំទ្រដល់គ្រប់ចលនារបស់ លេខធិការដ្ឋានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអនុវត្តកន្លងមក ក្នុងការដោះស្រាយពីទុក្ខលំបាកសមាជិក ដែលជួបការខ្វះខាត កំពុងមានជម្ងឺ និងយកចិត្តទុក ដាក់ខ្ពស់ ចំពោះការងារបេឡាមរណៈសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។ លោកក៏បានជម្រុញដល់ ក្រុង ស្រុក និង ឃុំសង្កាត់ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង អង្គការដៃគូ និងសប្បុរសជននានា ក្នុងការទទួលបានគម្រោងអភិវឌ្ឍន៍ សម្រាប់បម្រើដល់ផលប្រយោជន៍ អតីតយុទ្ធជន និងនិវត្តជន នៅក្នុងមូលដ្ឋានទៅតាមសមត្ថភាពជាក់ស្តែង ។ ក្នុងនាមគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លោកបានធ្វើការវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អប្រសើរ របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និង ការរួមសហការពីអង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្តទៅតាមលក្ខន្តិកៈសមាគម និង គោលការណែនាំ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល សមាគមកន្លងមក ។ ដើមី្បបន្តសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ លោក នាក់ ណេរ៉េន បានធ្វើការណែនាំ និង អំពាវនាវដល់ មន្ទីរ អង្គភាព ស្ថាប័ន និងក្រុមការងារ អ.ន.ក ខេត្ត ក្រុង ស្រុក និង សាខា អ.ន.ក ដែលទើបប្រកាសសមាសភាពទាំងអស់ ព្រមទាំងបានជម្រុញលើកទឹកចិត្តដល់អាជ្ញាធរ និង បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តសៀមរាប ឲ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជន និងនិវត្តជន ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕