សម្តេចតេជោ ហ៊ុន សែន ដាស់តឿនមន្ត្រីមណ្ឌលគិរីពង្រឹងសេវាសាធារណៈ ខណៈខេត្តភូមិភាគឦសានមួយនេះចម្រាញ់រ៉ែមាសបានជាង ១៨តោន

0

ខេត្តមណ្ឌលគិរី៖ ក្នុងដំណើរឆ្ពោះទៅកាន់មូលដ្ឋានជាខេត្តទី១៩ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំមូលដ្ឋានខេត្តមណ្ឌលគិរីប្រមាណ ៥០០នាក់ ដើម្បីក្រើនរំលឹកឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការការពារធនធានធម្មជាតិ។

នៅក្នុងពិធីនោះ សម្តេចតេជោ បានសង្កត់ធ្ងន់លើការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋ ការប្រយុទ្ធប្រឆាំងបទល្មើសនានា និងការគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ខេត្តមណ្ឌលគិរីបាននិងកំពុងប្រែក្លាយពីខេត្តដាច់ស្រយាល មកជាប៉ូលសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មរ៉ែដ៏សំខាន់៖ ​ដោយក្រុមហ៊ុន Renaissance Minerals ចម្រាញ់រ៉ែមាសបានជាង ១៨តោន គិតចាប់ពីពាក់កណ្តាលឆ្នាំ២០២១ មកទល់បច្ចុប្បន្ន។

វិស័យទេសចរណ៍៖ មានរមណីយដ្ឋានសរុប ១០៥កន្លែង (អភិវឌ្ឍរួច ៣៧កន្លែង) ព្រមទាំងទំនប់ទឹកយុទ្ធសាស្ត្រធំៗជាច្រើន ដូចជាទំនប់សែនសុខដុម និងអូរទេធិបតី ជាដើម។

កសិ-ឧស្សាហកម្ម៖ ផ្ទៃដីផលិតកម្មកសិកម្មមានជាង ១២ម៉ឺនហិកតា (កៅស៊ូ, ស្វាយចន្ទី, កាហ្វេ) ដោយរកចំណូលបានប្រមាណ ១២១លានដុល្លារ ក្នុងឆ្នាំ២០២៥ និងមានច្រកទ្វារព្រំដែនទ្វេភាគីចំនួន៣ ជាប់ប្រទេសវៀតណាម៕ដោយ៖ឡុង សំបូរ