ខេត្តរតនគិរី៖ ក្នុងដំណើរដកស្រង់បទពិសោធន៍ នៅមូលដ្ឋានជាខេត្តទី២០ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋានខេត្តរតនគិរីជិត ៨០០នាក់ ដោយផ្ដោតលើការជំរុញប្រសិទ្ធភាពការងារ និងការលើកកម្ពស់ជីវភាពពលរដ្ឋជនជាតិដើមភាគតិច ដែលមានរហូតដល់ជាង ៥៦ភាគរយ នៃប្រជាជនសរុប។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចខេត្តរតនគិរី (៥.៣ភាគរយ ក្នុងឆ្នាំ២០២៥) និងបានដាស់តឿនឱ្យមន្ត្រីបន្តពង្រឹងការងារសន្តិសុខ ការពារព្រៃឈើ និងយន្តការផ្តល់សេវាសាធារណៈ តាមរយៈ «ច្រកចេញចូលតែមួយ»។
តាមរយៈកម្មវិធីពិសេស ជំរុញការវិនិយោគភូមិភាគឦសាន (២០២៥-២០២៨) ខេត្តរតនគិរីកំពុងបង្ហាញសក្តានុពលខ្លាំង លើទុនវិនិយោគខ្នាតយក្ស ដោយទទួលបានសំណើគម្រោងថ្មីចំនួន ១១ ក្នុងទំហំទឹកប្រាក់ប្រមាណ ៨៦៣លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារជាង ៨,០០០កន្លែង។
ខេត្តរតគិរី កំពុងប្រែក្លាយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចអសកម្ម ឱ្យមានសកម្មភាពឡើងវិញ (បច្ចុប្បន្នមាន ២៧ក្រុមហ៊ុន កំពុងដំណើរការ) ,ខេត្តមានបណ្តាញអគ្គិសនីតភ្ជាប់បានរហូតដល់ ៩៦.២៩ភាគរយ នៃភូមិសរុបទូទាំងខេត្ត ធានាដល់ការផ្គត់ផ្គង់រោងចក្រធុនធំចំនួន ៩ និងសហគ្រាសជាង ៣០០មូលដ្ឋាន ,ក្នុងឆ្នាំ២០២៥ យន្តការច្រកចេញចូលតែមួយថ្នាក់ខេត្ត និងក្រុង-ស្រុក ផ្តល់សេវាជូនពលរដ្ឋបានសរុបជាង ៤ម៉ឺនសេវា ថែមទៀតផងដែរ៕ដោយ៖ឡុង សំបូរ






































