សម្តេចតេជោ ចាត់ទុកវារីអគ្គិសនីសេសានក្រោម២ ជា «ឧស្សាហកម្មធុនធ្ងន់» ដ៏សំខាន់ ក្នុងការជម្រុញសន្តិសុខថាមពល និងសេដ្ឋកិច្ចជាតិ

0

ខេត្តស្ទឹងត្រែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍គូសបញ្ជាក់ថា គម្រោងវារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាពផលិតថាមពលជាង ៤០០ មេហ្គាវ៉ាត់ គឺជា «ឧស្សាហកម្មធុនធ្ងន់» ដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ក្នុងការធានាសន្តិសុខថាមពលជាតិ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ប្រសាសន៍ដ៏មានសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសដែល សម្តេច​ប្រធានគណបក្សប្រជាជនកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការនៃខេត្តស្ទឹងត្រែង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជាង ៦០០នាក់។

នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ បានរំលឹកពីរបត់ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តភាគឦសានមួយនេះថា កាលពីអតីតកាល ពុំមាននរណានឹកស្មានថា ខេត្តស្ទឹងត្រែងនឹងមានស្ពានធំៗឆ្លងកាត់ទន្លេកុង និងទន្លេមេគង្គនោះឡើយ។ ប៉ុន្តែបច្ចុប្បន្ន ស្ពានយុទ្ធសាស្ត្រទាំងពីរ រួមជាមួយបណ្តាញផ្លូវជាតិឈានមុខ បានតភ្ជាប់ខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី និងព្រះវិហារ យ៉ាងប្រទាក់ក្រឡា ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល។

សម្តេចតេជោ មានប្រសាសន៍ទៀតថា វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតនៅចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក បានក្លាយជាប្រភពថាមពលបៃតងដ៏ធំ ដែលមិនត្រឹមតែផ្គត់ផ្គង់នៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជូនថាមពលទៅកាន់បណ្តាញជាតិទូទាំងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តដើរលើផ្លូវនយោបាយ «ជំហានគីង្គក់» ពោលគឺ «យឺត ប៉ុន្តែមិនថយក្រោយ» ដើម្បីធានាបាននូវការលូតលាស់ប្រកបដោយស្ថិរភាព ចីរភាព និងរឹងមាំបំផុត។ ក្រៅពីការសម្លឹងមើលលើការអភិវឌ្ឍសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តក្រចេះ ឱ្យសហការគ្នាខ្ពស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិដ៏មានតម្លៃរបស់ជាតិ។

សម្តេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលប្រចាំដែនដី អភិបាលខេត្តទាំងពីរ ត្រូវមើលការខុសត្រូវកុំឱ្យសត្វផ្សោតដ៏មានតម្លៃនេះផុតពូជ និងត្រូវជម្រុញឱ្យមានកំណើនចំនួនឡើងវិញ តាមរយៈការគ្រប់គ្រងបរិស្ថានទឹក និងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ព្រោះត្បិត«សត្វផ្សោតមេគង្គ» មិនត្រឹមតែជាដួងព្រលឹងនៃទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែវាជាទ្រព្យសម្បត្តិធម្មជាតិ និងជាមេដែកទាក់ទាញទេសចរណ៍ដ៏សំខាន់បំផុតរបស់ កម្ពុជា។

តាមរយៈការស្រាវជ្រាវបានរកឃើញថា សារប្រយោជន៍ដ៏មហាសាលនៃ «សត្វផ្សោតមេគង្គ» ការអភិរក្សសត្វផ្សោតទន្លេមេគង្គ (ផ្សោតក្បាលត្រឡោក ឬ Irrawaddy Dolphin) មិនមែនគ្រាន់តែជាកាតព្វកិច្ចបរិស្ថាននោះទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងស៊ីជម្រៅ ៣យ៉ាង គឺ ១-ផ្សោតមេគង្គជាសត្វកម្រ និងជិតផុតពូជបំផុតនៅលើពិភពលោក។ វត្តមានរបស់ពួកវាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ឱ្យមកកម្សាន្តនៅខេត្តក្រចេះ និងស្ទឹងត្រែង ដែលបង្កើតការងារ និងប្រាក់ចំណូលដោយផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈសេវាកម្មទូកដរ សណ្ឋាគារ ភោជនីយដ្ឋាន និងមគ្គុទ្ទេសក៍។ ២-សត្វផ្សោតស្ថិតនៅកំពូលនៃខ្សែចង្វាក់អាហារក្នុងទឹក។ វត្តមាន និងសុខភាពរបស់សត្វផ្សោត គឺជា «កញ្ចក់ឆ្លុះ» បញ្ជាក់ពីគុណភាពទឹក សម្បូរបែបនៃជីវៈចម្រុះ និងតុល្យភាពបរិស្ថាននៅក្នុងទន្លេមេគង្គ។ បើគ្មានសត្វផ្សោត មានន័យថាប្រព័ន្ធអេកូឡូស៊ីទន្លេកំពុងរងការគំរាមកំហែង ដែលនឹងជះឥទ្ធិពលដល់ប្រភពត្រីសាច់សម្រាប់មនុស្សជាតិ។ និង ៣- ការរក្សាបាននូវពូជសត្វផ្សោតនេះ ធ្វើឱ្យកម្ពុជាក្លាយជាចំណុចកណ្តាល នៃការស្រាវជ្រាវវិទ្យាសាស្ត្រជីវៈចម្រុះលំដាប់អន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសឈានមុខ ក្នុងការអភិរក្សមរតកធម្មជាតិពិភពលោក។

គួររំលឹកផងដែរថា ដំណើរចុះជួបសំណេះសំណាលផ្ទាល់ជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការនៅតាមបណ្តារាជធានី-ខេត្តនេះ គឺជាយុទ្ធសាស្ត្រ «ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន» របស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅដល់រាជធានី-ខេត្តចំនួន ២១ រួចមកហើយ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្តាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី និងរតនគិរី។ ហើយនៅថ្ងៃទី៩ កក្កដានេះ ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភូមិភាគឦសាន បានក្លាយជាគោលដៅទី២២ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕ដោយ៖ឡុង សំបូរ