ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក បើកវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់របស់ពលរដ្ឋ មកដោះស្រាយ

0

សៀមរាប: នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំបើកវេទិកាសាធារណៈដើម្បីប្រមូលរាល់បញ្ហាប្រឈម និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកពិភាក្សា និងដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រជាពលរដ្ឋអាចទទួលយកបាន។
លោក ស៊ិន លី អនុប្រធានក្រុមការងារ មានប្រសាសន៍ថា វេទិកានេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល និងស្តាប់កង្វល់ សំណូមពរ ឬបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយតម្រូវការជីវភាព និងការអភិវឌ្ឍមូលដ្ឋានឲ្យបានទាន់ពេលវេលា។ វេទិកានេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពិនិត្យ និងវាយតម្លៃលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីធានាថាវាឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ផ្តល់ឱកាសមាសជូនប្រជាជនក្នុងការលើកឡើងពីបញ្ហាផ្ទាល់ខ្លួន ឬសហគមន៍ និងជាការត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា វេទិកានាពេលនេះ ក្រុមការងារបានទទួលសំណូមពរ និងក្ដីកង្វល់របស់ពលរដ្ឋមួយចំនួនរួមមាន៖ ស្នើកងកម្លាំងប្រដាប់អាវុធជួយសម្របសម្រួលដល់ការប្រកបរបរនេសាទ, ករណីបង្កើតសហគមន៍, មានផែឯកជន, បញ្ហាស្នើសុំប្ដូរអគ្គិសនីពីរបស់ឯកជន ទៅរដ្ឋវិញ, ការដាក់លបនៅក្នុងព្រៃ, សុំឲ្យអាជ្ញាធរកំណត់គោលដៅឲ្យបានច្បាស់ក្នុងការដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចនេសាទបាន, សំណូមពរដល់អាជ្ញាធរជួយសម្រួលតម្លៃទឹកស្អាតក្នុងមូលដ្ឋាន។ ជាមួយនឹងបញ្ហាប្រឈម សំណួរ និងក្ដីកង្វល់របស់ពលរដ្ឋដែលបានលើកឡើងក្នុងពេលនេះ មន្រ្ដីជំនាញតាមផ្នែកនីមួយៗបានធ្វើការស្រាយបំភ្លឺជូនពលរដ្ឋសមស្រប ដែលធ្វើឲ្យពលរដ្ឋទទួលយកបាន។
ជាមួយគ្នានេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅទូទាំងឃុំកំពង់ភ្លុក មានពលរដ្ឋប្រកបរបរនេសាទ ៦៥ភាគរយ បម្រើសេវាដឹកភ្ញៀវទេសចរ ៣០ភាគរយ និង៥ភាគរយទៀត ជាអ្នកលក់សម្ភារគ្រឿងទេស និងសម្ភារសិក្សាជាដើម។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ករណីមានចម្ងល់ ឬមានបញ្ហាប្រឈមនានា សូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការជជែក និងពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ប្រសើរជាងផ្សាយនៅលើបណ្ដាញសង្គមដែលនាំឲ្យមានភាពចលាចល៕