ប្រជុំពិនិត្យ ដោះស្រាយ និង ពន្លឿនលំហូរឯកសារ វិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

0

សៀមរាប: ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និង ពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក ព្រឹម រដ្ឋា  អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  រួមទាំងអស់លោកជា អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយ និង រដ្ឋបាលក្រុង ស្រុក មន្ត្រីពន្ធដារខេត្ត និង ប្រធានការិយាល័យភូមិបាលក្រុង ស្រុក និង មន្ត្រីច្រកចេញចូលតែមួយ ក្រុង ស្រុក ចំនួន ៧៥នាក់ចូលរួម នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៦នេះ។
ក្នុងកិច្ចស្វាកមន៍នោះលោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមក រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានដើរតួរយ៉ាងសំខាន់តាមរយៈការ បន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ ថ្នាក់នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតប ក្នុងការផ្តល់សេវារដ្ឋបាល សាវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផលនៃកំណែទម្រង់នេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឲ្យមន្ត្រីរាជការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។ លោកបន្តថា ក្នុងឆ្នាំ២០២៥ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ការទទួលសេវាលើវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មានចំនួន១១,៣០៧ សេវា មានថវិកា ចំណូលចំនួន ៤,៦៥៦,៨៩៣,១០០រៀល និងសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ នេះ មានចំនួន ៦,០១០ សេវា មានថវិកាចំណូលចំនួន ២,១៥៦,៥៥៥,៩០០ រៀល។ កិច្ចប្រជុំនេះ ជាយន្តការមួយដ៏មានសារៈសំខាន់ ក្នុងការជួយរកដំណោះស្រាយរាល់បញ្ហាប្រឈម និង ផ្តល់គន្លឹះសម្រាប់ពន្លឿនលំហូរឯកសារដីធ្លីក្នុង ភូមិសាស្ត្រខេត្តសៀមរាប ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងវិស័យពន្ធដារ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះក្នុងគោលបំណង  ដើម្បីពិនិត្យមើលរាល់បញ្ហា និង ពិភាក្សាស្វែងរកគន្លឹះដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងការចេញប័ណ្ណកម្មសិទ្ធ ឬលិខិតអនុញ្ញាត ឲ្យទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង គណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ។ ក្នុងកិច្ចប្រជុំនេះដែរ  ក៏ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រកឲ្យឃើញនូវចំណុចខ្វះខាត ចំណុចរាំងស្ទះ និងមូលហេតុដែលធ្វើឲ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ ។ ការដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយរវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំង ការិយាល័យភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និង ពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និង មិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ ។ ឯកឧត្តម គង់ វិបុល បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា  ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)ព្រមទាំងបន្តជម្រុញ ការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅលើកកម្ពស់ គុណភាព តម្លាភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមអភិក្រម (ការបម្រើសេវាសាធារណៈល្អប្រជាជនស្រឡាញ់)។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តល់នូវយន្តការមួយចំនួនជាមូលដ្ឋានគ្រឹះសម្រាប់រដ្ឋបាល ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបប្រសិទ្ធភាពខ្ពស់ ។  ឯកឧត្តម គង់ វិបុល ក៏បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហាការគ្នាធ្វើយ៉ាងណាឲ្យលំហូរឯកសារបានយ៉ាងល្អប្រសើរ ត្រូវចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួនដែលត្រូវតែដោះស្រាយឲ្យខានតែបាន ក្នុងស្មារតីរួបរួមសហការគ្នា ប្រកបដោយភាពប្រទាក់ក្រឡា និងស៊ីសង្វាក់ ស្របតាមអភិក្រម«ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅធ្វើយ៉ាងណាឲ្យការផ្តល់សេវាវិស័យដីធ្លីក្នុង ខេត្តសៀមរាប ក្លាយជាគំរូនៃភាពជោគជ័យ ៕