ខេត្តព្រះវិហារ៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជា និងការក្រើនរំលឹកជាថ្មីយ៉ាងម៉ឺងម៉ាត់ ទៅកាន់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសត្រូវអនុវត្តវិធានការក្តៅក្នុងការបង្ក្រាបរាល់បទល្មើសនានា និងពង្រឹងការប្រមូលចំណូលជាតិ ដោយមិនត្រូវបណ្តោយឱ្យមានអំពើរត់គេចពន្ធ ឬបទល្មើសបំផ្លាញធនធានធម្មជាតិកើតឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឡើយ។
ប្រសាសន៍ដាស់តឿនរបស់ សម្តេចប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពជា បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ជាង ៨០០ នាក់ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។ នេះគឺជាបេសកកម្មលើកទី២០ ឆ្លងកាត់ ២៣ រាជធានី-ខេត្ត របស់សម្តេចតេជោ ក្នុងការចុះពង្រឹងគណនេយ្យភាព និងតម្លាភាពរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរមូលដ្ឋានដែលជាអង្គបោះឆ្នោត។
នៅក្នុងឱកាសដ៏មានសារៈសំខាន់នោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់លើចំណុចគន្លឹះយុទ្ធសាស្ត្រមួយចំនួន ដែលមន្ត្រីមូលដ្ឋានដាច់ខាតត្រូវតែអនុវត្តឱ្យខានតែបាន គឺ ៖ត្រូវចាត់វិធានការក្តៅ រុករក និងបង្ក្រាបជាប្រចាំ ចំពោះបទល្មើស ចោរកម្ម ឆក់ ប្លន់ ជាពិសេស «ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា» (Cybercrimes) ដែលកំពុងរំខានដល់សុខសាន្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ បានជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ។ សម្តេចបានបញ្ជាឱ្យមាន«វិធានការតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ» ឬការធ្វើអាជីវកម្មមិនបង់ពន្ធ ដើម្បីការពារ និងបង្កើនចំណូលថវិកាជាតិ។ ក្នុងនាមជាខេត្តដែលមានដុំកាក់សម្បូរបែប ទាំងព្រៃឈើ និងរ៉ែធម្មជាតិ សម្តេចបានអំពាវនាវឱ្យអាជ្ញាធរពង្រឹងកិច្ចការពារសម្បត្តិធម្មជាតិទាំងនោះឱ្យបានគង់វង្ស ជៀសវាងការទាញយកផលខុសច្បាប់។
«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ!» នេះជាការដាស់តឿនយ៉ាងធ្ងន់ៗរបស់សម្តេចតេជោ ទៅកាន់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដោយសម្តេចបានសង្កត់ធ្ងន់ថា មន្ត្រីត្រូវតែបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ផ្តល់សេវាសាធារណៈឱ្យបានលឿន រហ័ស និងមិនត្រូវបង្កើតឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់រាស្ត្រនោះឡើយ។
អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឡើងបង្ហាញរបាយការណ៍ជម្រាបជូនសម្តេចតេជោ ថា ខេត្តភាគឧត្តរមួយនេះ មានផ្ទៃដីជាង ១៣ ម៉ឺនគីឡូម៉ែត្រក្រឡា ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ដ៏ធំធេង៖ ដោយខេត្តមានប្រាសាទបុរាណចុះបញ្ជីបេតិកភណ្ឌពិភពលោកចំនួន ២ គឺ ប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរ ,កសិកម្មយុទ្ធសាស្ត្រឈានមុខគេលើស្រូវសរីរាង្គ (មាន ៤៧ សហគមន៍ ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗចំនួន ៩)។ ក្រៅពីនេះមាន៖ ដំឡូងមី (៤ម៉ឺនហិកតា), ស្វាយចន្ទី (៣ម៉ឺនហិកតា), កៅស៊ូ (៣ម៉ឺនហិកតា) និងស្វាយ (៨ពាន់ហិកតា) ,ធនធានរ៉ែសម្បូរទៅដោយ រ៉ែមាស រ៉ែដែក និងរ៉ែលោហៈ ដោយមានអាជ្ញាបណ្ណធនធានរ៉ែចំនួន ៥ និងអាជ្ញាបណ្ណការដ្ឋានវាយថ្ម/អណ្តូងរ៉ែចំនួន ១២ ដំណើរការដោយក្រុមហ៊ុនស្របច្បាប់។
ក្រៅពីកិច្ចការសន្តិសុខ និងសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការគិតគូរយ៉ាងជ្រាលជ្រៅ ចំពោះជីវភាពរស់នៅរបស់យុទ្ធជនពលី ពិការ និងនិវត្តជន។ នៅក្នុងឱកាសនោះ សម្តេចតេជោបានសម្រេចផ្តល់ផ្ទះចំនួន ១០២ ខ្នង ជូនដល់អតីតយុទ្ធជននៅខេត្តព្រះវិហារ (ឧបត្ថម្ភដោយសមាគមអតីតយុទ្ធជន ៥២ ខ្នង និង លោក ភឿន ផល្លា ៥០ ខ្នង)។
សម្តេចបានបញ្ជាក់ច្បាស់ៗ ពីគោលការណ៍គ្របដណ្តប់នៃសមាគមថា៖ មន្ត្រីរាជការចូលនិវត្តន៍ក្នុងវិស័យអប់រំទាំងអស់ (ប្រមាណ ២ម៉ឺន ៤ពាន់នាក់) គឺត្រូវទទួលបានសិទ្ធិជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយស្វ័យប្រវត្តិ និងទទួលបានអត្ថប្រយោជន៍ទ្វេរដង ទាំងពីសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.) និងសមាគមអតីតយុទ្ធជន។
ដោយឡែក ពាក់ព័ន្ធនឹងជម្លោះដីធ្លី សម្តេចតេជោ បានណែនាំដាច់ខាតដល់អាជ្ញាធរត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ដោយផ្ដោតលើ«ការដោះស្រាយក្រៅប្រព័ន្ធតុលាការ» និងត្រូវរក្សាភាពស្មោះត្រង់ យុត្តិធម៌ មិនលំអៀងទៅរកភាគីមានអំណាច ឬមានទ្រព្យនោះឡើយ ដើម្បីធានាបាននូវការរស់នៅ ដោយសុខដុមរមនារបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ 








































