ខេត្តស្ទឹងត្រែង៖ យុទ្ធនាការបៃតងដ៏ធំមួយត្រូវបានបង្កើតឡើង នៅលើទឹកដីភូមិភាគសាន្ត នៃខេត្តស្ទឹងត្រែង តាមរយៈការដាំកូនឈើជំហានដំបូងចំនួន ៤៧៤ ដើម ក្នុងឱកាសអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ព្រមទាំងការប្រកាសប្រសិទ្ធនាមទីតាំងនេះជា «ឧទ្យានមាតាមនុស្សធម៌» ដែលជាឧទ្យានបៃតងទី៤ របស់កាកបាទក្រហមកម្ពុជា។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពី លោក ផៃ ប៊ុនឈឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និង លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិមកពីបណ្តាខេត្តជិតខាង (ព្រះសីហនុ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ) កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋសរុបជិត ២,០០០ នាក់។
«ឧទ្យានមាតាមនុស្សធម៌» ថ្មីនេះ មានផ្ទៃដីសរុបជិត ៨០ ហិចតា ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃធម្មជាតិ ដោយលើកឡើងថា៖ «ការដាំដើមឈើនាពេលនេះ មិនត្រឹមតែជាការជួយសង្គ្រោះបរិស្ថានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការជួយសង្គ្រោះជីវិតយើងទាំងអស់គ្នា ព្រោះមនុស្សមិនអាចរស់ដាច់ដោយឡែកពីធម្មជាតិបានឡើយ។ សកម្មភាពនេះសរបញ្ជាក់ពីស្មារតីទទួលខុសត្រូវរួមគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍបៃតង»។
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានកោតសរសើរដល់រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ដែលបានសហការរៀបចំយុទ្ធនាការនេះឡើង ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកស្រីអគ្គលេខាធិការ បានរំលេចឱ្យឃើញពីទស្សនវិស័យវែងឆ្ងាយរបស់កាកបាទក្រហមកម្ពុជា លើការងារបរិស្ថាន ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើតឧទ្យានបៃតងធំៗចំនួន ៣ រួចមកហើយ រួមមាន៖ ១- ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប (បង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដាំបានជាង ២,៤៦០ ដើម) ,២- ឧទ្យានកាកបាទក្រហមកម្ពុជា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គិរីរម្យ) ខេត្តកំពង់ស្ពឺ (ដាំបានជាង ៤,០០០ ដើម) ,៣-ឧទ្យានកាកបាទក្រហមកម្ពុជា នៅខេត្តឧត្តរមានជ័យ (បង្កើតឡើងក្នុងឆ្នាំ២០២៥ ដាំបានចំនួន ២,០០០ ដើម) និង ៤- «ឧទ្យានមាតាមនុស្សធម៌» នៅខេត្តស្ទឹងត្រែងនេះ ដែលចាប់ផ្តើមដាំកូនឈើចំនួន ៤៧៤ ដើម ជាជំហានដំបូង និងមានផែនការដាំដុះបន្តបន្ទាប់ទៀត។
ទាក់ទិននឹងវិបត្តិបរិស្ថានសកល លោកស្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្នពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ដែលបង្កជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ ជះឥទ្ធិពលផ្ទាល់ដល់ជីវភាព និងអាយុជីវិតមនុស្សជាតិ។
លោកស្រី ពុំ ចន្ទីនី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ជំនាន់ ឱ្យរួមសាមគ្គីគ្នាដាំដើមឈើ និងប្តេជ្ញាចិត្តបន្តថែទាំ ស្រោចទឹកកូនឈើទាំងនេះឱ្យបានលូតលាស់ល្អ ដើម្បីក្លាយជា «ការវិនិយោគបៃតង» ដ៏មានតម្លៃបំផុតសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ៖ឡុង សំបូរ







































