សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារនាំយកស្បៀង និងអំណោយមនុស្សធម៌ ជូនគ្រួសារងាយរងគ្រោះបំផុតជិត ៥០០ គ្រួសារ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ស្របតាមទស្សនវិស័យ «មិនទុកឱ្យនរណាម្នាក់រងគ្រោះ ឬឯកោក្នុងគ្រាលំបាក» នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងក្រុមការងារថ្នាក់កណ្តាល ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសំណេះសំណាល និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនដល់គ្រួសារងាយរងគ្រោះបំផុតសរុបចំនួន ៤៨៨ គ្រួសារ មកពីស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង។

សកម្មភាពមនុស្សធម៌ដ៏ធំនេះ មានការអញ្ជើញរួមដំណើរដោយ លោក ផៃ ប៊ុនឈឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និង លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន, លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីស្រឡាញ់ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោកស្រីបានសង្កត់ធ្ងន់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពចម្បងដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ដូចជា៖ គ្រួសារយុទ្ធជនពលី ជនរងគ្រោះដោយគ្រោះមហន្តរាយ ជនពិការ និងចាស់ជរាគ្មានទីពឹង ជាដើម។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការ ក៏បានពាំនាំនូវការអំពាវនាវ និងការផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ៖ «សូមបងប្អូនផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដោយងាកមកអនុវត្តការរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីការពារខ្លួនពីជំងឺឆ្លង និងជំងឺមិនឆ្លង។ គួរជៀសវាងការសេពគ្រឿងស្រវឹង ឬបារី ហើយងាកមកបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើន និងកាត់បន្ថយការប្រើប្រាស់ស្ករ អំបិល និងខ្លាញ់»។

បន្ថែមពីនេះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ញ៉ាំងឱ្យបេសកកម្មជួយសង្គ្រោះជីវិត និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមាននិរន្តរភាព។

ដើម្បីធានាបាននូវតម្លាភាព និងភាពងាយស្រួលដល់ប្រជាពលរដ្ឋ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅ ៣ គោលដៅផ្សេងគ្នា រួមមាន៖ ១-ស្រុកបុរីអូរស្វាយសែនជ័យ៖ រៀបចំឡើងនៅសាលាបឋមសិក្សាចំការចេក ភូមិឬទ្ធីសែនជ័យ២ ឃុំអូរស្វាយ ជូនដល់ប្រជាពលរដ្ឋ ១៤៨ គ្រួសារ។ ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូន ដល់ខ្នងផ្ទះរបស់ជនចាស់ជរា និងពិការចំនួន ២ គ្រួសារ ផងដែរ។ ២- ក្រុងស្ទឹងត្រែង៖ រៀបចំឡើងនៅសាលាសង្កាត់សាមគ្គី សម្រាប់ប្រជាពលរដ្ឋចំនួន ២១៥ គ្រួសារ។ និង ៣- ក្រុងស្ទឹងត្រែង៖ រៀបចំឡើងនៅវត្តសិរីវឌ្ឍនៈសុខារាម (ហៅវត្តកាំងម៉េម៉ាយ) សង្កាត់ព្រះបាទ សម្រាប់ប្រជាពលរដ្ឋចំនួន ១២៣ គ្រួសារ។

របបអំណោយសម្រាប់ ១ គ្រួសារ រួមមាន៖ អង្ករ ៣០ គីឡូក្រាម ,មី ១ កេស ,ត្រីខ ១ យួរ ,ទឹកត្រី ១ យួរ ,ប្រេងឆា ២ ដប ,សាប៊ូកក់សក់ ២ ដប ,មុង ភួយ សារ៉ុង ក្រមា (ឃីត ១) និងថវិកាឧបត្ថម្ភ ២ ម៉ឺនរៀល។

នៅក្នុងឱកាសយុទ្ធនាការមនុស្សធម៌ដដែលនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកទេយ្យទាន និងបច្ច័យទៅវេរប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តសិរីវឌ្ឍនៈសុខារាម (វត្តកាំងម៉េម៉ាយ) រួមមាន៖ អង្ករ ២០០ គីឡូក្រាម, មី ៥ កេស, ត្រីខ ១ កេស, ប្រេងឆា ២ កេស, ទឹកត្រី ៤ យួរ, ទឹកស៊ីអ៊ីវ ៤ យួរ, ទឹកដោះគោប្រអប់ ៥ កេស, ទឹកក្រូច ៥ កេស, ទឹកបរិសុទ្ធ ៥ កេស និងបច្ច័យចំនួន ១ លានរៀល ដើម្បីសម្រាលដល់ការចង្ហាន់របស់ព្រះសង្ឃផងដែរ៕ដោយ៖ឡុង សំបូរ