បន្ទាយមានជ័យ ៖រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឱ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឱ្យបានលើសពី ៨០% ។
ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជេីញជាអធបិតីភាព កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរាយការណ៍សង្ខេបពីកិច្ចការងារដែលសម្រេចបាននាពេលកន្លងមក និងបន្តប្តេជ្ញា ខិតខំយកចិត្តទុកដាក់ដឹកនាំអនុវត្តច្បាប់ អនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏ដូចជា បទបញ្ជានានា ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ជំរុញអនុវត្តយ៉ាងសកម្មនូវវិធានការទាំង៥ពាក់ព័ន្ធនឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។
នាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល បានគាំទ្រ ចំពោះការអនុវត្តគោលនយោបាយ ” ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃដោយបានផ្តោតលើកិច្ចការអប់រំផ្សព្វផ្សាយ ការរៀបចំវេទិកាសាធារណៈ ការកសាងចលនាប្រជាការពារ ការពង្រឹងប៉ុស្តិនគរបាលរដ្ឋបាល និងការអនុវត្ត យ៉ាងយកចិត្តទុកដាក់នូវលក្ខណៈសម្បត្តិទាំង៧ ដើម្បីឈានទៅទទួលបានជ័យលាភីក្នុងចលនា ប្រឡងប្រណាំអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលខាងមុខ។
ឯកឧត្ដម បន្តថា ដើម្បីឱ្យទិសដៅការងារបន្តមានលក្ខណៈត្រឹមត្រូវ ច្បាស់លាស់ គឺត្រូវធ្វើយ៉ាងណា ឱ្យឆ្លើយតបទៅនឹងផែនការណែនាំ យុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ច្បាប់ស្តីពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខេត្តផងដែរ៕ដោយ៖ឃិន គន្ធា






































