កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តអនុវត្ត ការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងដោះស្រាយ ឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការស្នើឡើងបែបនេះក្នុងអង្គប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំឆមាសទី១
ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋា ភិបាល់ចុះមូលដ្ឋានខេត្តកំពង់ចាម បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បន្តបំពេញការងារស្របតាមតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ ព្រមទាំងបន្តកិច្ចសហការក្នុងការធ្វើអន្តរាគមន៍ ដល់មូលដ្ឋាន ការឆ្លើយតបគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នេីឱ្យបន្តរួមសហការគ្នារវាងក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអប់រំ ផ្សព្វផ្សាយ និង បំផុតចលនាឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការរួមគ្នាទប់ស្កាត់បទល្មើស នានារួមមាន៖ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង អំពើជួញដូរមនុស្សជាដើម តាមរយៈ ការអនុវត្តគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងការចូលរួមគោរពច្បាប់ចរាចរណ៍ សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕






































