លោកឧត្តមសេនីយ៍ទោ ហេង សុផល ណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វា ២៤ ម៉ោង លើ ២៤ម៉ោង រង់ចាំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ….

0

កំពង់ធំ៖ ព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត
បានដឹកនាំកងកម្លាំង រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់គោ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

បន្ទាប់ពីពិធីសែនព្រេន បួងសួង សុំសេចក្តីសុខសប្បាយ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះ លោកបានដឹកនាំកងកម្លាំងរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានទំហំ ១១ ម៉ែត្រ×៩,៥០ ម៉ែត្រ ជញ្ជាំងឥដ្ឋ ក្រាលការ៉ូ ប្រក់ក្បឿង បែងចែកជា ០៤ បន្ទប់ និងមានបន្ទប់ទឹកដាច់ ដោយឡែកចំនួន ០១ មានលក្ខណៈធំទូលាយ បំពាក់ទៅដោយសម្ភារៈ គ្រឿងបរិក្ខារទំនើបទាន់សម័យ ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្ត្រីបំពេញភារកិច្ច ជាប្រចាំថ្ងៃ ជំនួសអគារចាស់
តូចចង្អៀត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានផ្តាំផ្ញើ ដល់កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ និងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖១-រៀបចំផែនការសកម្មភាព សម្រាប់អនុវត្ត តួនាទី ភារកិច្ចជាប្រចាំថ្ងៃ ផ្លាស់ប្តូរវេនប្រចាំការ រង់ចាំផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ និងតាមដានសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ  ព្រមទាំងចុះល្បាតតាមគោលដៅងាយរងគ្រោះ ក្នុងភូមិសាស្ត្រ របស់ខ្លួន ដោយសហការជាមួយកម្លាំងប្រជាការពារ សំដៅបង្ការ ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន ។

២-ពង្រឹងការងារគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

៣-តាមដានត្រួតពិនិត្យ ការបំពេញភារកិច្ច របស់មន្ត្រីជំនាញ ជាប្រចាំថ្ងៃ អនុវត្តការងារតាមឋានានុក្រម សេចក្តីប្រកាស បទបញ្ជាថ្នាក់ដឹកនាំបានចែង ប្រកបដោយស្មារតីសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ។

៤-ត្រូវបង្កើនការអប់រំផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយលើកយកលក្ខណៈសម្បត្តិទាំង ៧ យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ លើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ ព្រមទាំងទទួលយកមតិរបស់ប្រជាពលរដ្ឋ អំពីបញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយបាន
ទាន់ពេលវេលា ។

៥-ការអនុវត្តការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ រៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់ ។

៦-បន្តពង្រឹងចលនាប្រជាការពារភូមិនីមួយៗ បំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។

៧-ធ្វើអនាម័យ លើកកម្ពស់បរិស្ថាន ជុំវិញទីកន្លែងបំពេញភារកិច្ច និងធ្វើពលកម្មសម្អាតជាប្រចាំ ឱ្យទទួលសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ប្រៀបដូចជាផ្ទះទី ២ របស់បងប្អូន ផងដែរ ។

៨-បន្ទាប់ពីសាងសង់អគារនេះរួច ត្រូវគ្រប់គ្រងថែទាំ ដើម្បីធានា ការប្រើប្រាស់បានយូរអង្វែង ៕