សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ឆ្មក់បង្ក្រាបទីតាំងរុករករ៉ែស្ពាន់ខុសច្បាប់ដ៏ធំមួយនៅស្រុកគូលែន

0

ខេត្តព្រះវិហារ៖ យុទ្ធសាស្ត្រ «ដេកយល់សប្តិឃើញត្រី តែលួចជីកដីរកមាស» ឬការយកលេសបន្លំសុំច្បាប់កាយស្រះទឹក ដើម្បីបង្វែរដានពីសកម្មភាពរុករករ៉ែខុសច្បាប់របស់ក្រុមឈ្មួញមានឥទ្ធិពល ត្រូវបានបំបែកដោយជោគជ័យ។ នេះបើតាមលទ្ធផលនៃការចុះយុទ្ធនាការបង្ក្រាបយ៉ាងក្តៅគគុកមួយ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ទៅលើទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រតិបត្តិការសស្រាក់សស្រាំខ្នាតធំនេះ ធ្វើឡើងដោយមានការសហការរវាងមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធីយ៉ាងម៉ឺងម៉ាត់ពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែន លោកវរសេនីយ៍ត្រី ចាន់ ស៊ី បានផ្តល់ព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបទាន់ពេលវេលានេះ កម្លាំងចម្រុះបានរកឃើញរណ្តៅជីករុករករ៉ែលោហៈខុសច្បាប់ជាក់ស្តែងចំនួនមួយកន្លែង។ នៅក្នុងនោះដែរ វត្ថុតាងជាឧបករណ៍ធុនធ្ងន់ រួមមានគ្រឿងចក្រអេស្កាវាទ័រ (Excavator) ចំនួន ០១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូត និងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែន ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ខណៈពេលដែលអ្នកបើកបរគ្រឿងចក្របានដឹងខ្លួនមុន ហើយរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីផ្ទៃក្នុងបានទម្លាយឱ្យដឹងថា ទីតាំងខាងលើនេះ ត្រូវបានក្រុមឈ្មួញមានឥទ្ធិពល និងមានខ្នងបង្អែក បានប្រើប្រាស់ល្បិចកលយ៉ាងពិសពុល ដោយបានធ្វើការឆ្មក់លួចចូលទៅកាយដីដើម្បីរុករករ៉ែស្ពាន់ ដែលជាប្រភេទរ៉ែមានតម្លៃ នៅក្នុងភូមិសាស្ត្រស្រុកគូលែន។ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច និងអាជ្ញាធរដែនដី ក្រុមឈ្មួញទាំងនោះបានរៀបចំផែនការ «បន្លំសុំច្បាប់កាយស្រះទឹក» ធ្វើជាខែលការពារសកម្មភាពទុច្ចរិតរបស់ខ្លួន ប៉ុន្តែចុងក្រោយ ល្បិចកលគ្របដណ្តប់មេឃនេះ មិនអាចលាក់បាំងភ្នែកម្នាស់របស់សមត្ថកិច្ចជំនាញបានឡើយ ដោយត្រូវរងការបង្ក្រាបទាំងកណ្តាលទី។

ពាក់ព័ន្ធនឹងបញ្ហារ៉ែអនាធិបតេយ្យនេះដែរ លោកមេបញ្ជាការអាវុធហត្ថស្រុក ក៏បានគូសបញ្ជាក់បន្ថែមថា កន្លងមក មន្ទីរជំនាញតែងតែសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរស្រុកគូលែន ចុះអប់រំ ផ្សព្វផ្សាយ និងដាក់វិធានការហាមប្រាមយ៉ាងតឹងរ៉ឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ មិនឱ្យមានការនាំគ្នាជីករុករករ៉ែដោយខុសច្បាប់ ដែលបង្កវិនាសកម្មដល់បរិស្ថាន និងបាត់បង់ចំណូលថវិការដ្ឋនោះឡើយ។

បច្ចុប្បន្ន អធិការកិច្ចជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការ កំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាម្ចាស់គ្រឿងចក្រ ក៏ដូចជាមេខ្លោងក្រុមឈ្មួញដែលនៅពីក្រោយខ្នង មកអនុវត្តទណ្ឌកម្មតាមច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ យ៉ាងធ្ងន់ធ្ងរ ដោយគ្មានការលើកលែងឡើយ៕ដោយ៖ឡុង សំបូរ