ក្រុមជនខិលខូចលួចកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានទាំងកណ្តាលថ្ងៃត្រង់

0

ខេត្តព្រះវិហារ៖ សកម្មភាពទុច្ចរិតបំផ្លិចបំផ្លាញធនធានធម្មជាតិ នៅតែបន្តកើតមានគួរឲ្យព្រួយបារម្ភ ប៉ុន្តែរាល់សកម្មភាពល្មើសច្បាប់ទាំងនោះ មិនអាចគេចផុតពីក្រសែភ្នែក និងការតាមដានយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីការពារព្រៃឈើនោះឡើយ។ ជាក់ស្តែង កម្លាំងជំនាញបរិស្ថាន បានបើកប្រតិបត្តិការបង្ក្រាបទាន់ពេលវេលា ទៅលើក្រុមជនខិលខូចដែលលួចចូលកាប់ អា និងដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយខុសច្បាប់ នៅក្នុងតំបន់ការពារនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ហេតុការណ៍បង្ក្រាបជាក់ស្តែងនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងជំនាញបរិស្ថានប្រចាំការនៅក្នុងឧទ្យាន បានឃាត់ចាប់បានគោយន្តកន្ត្រៃចំនួន ១គ្រឿង ដែលកំពុងផ្ទុកឈើអាខុសច្បាប់ពេញពេញទំហឹង។ ជនល្មើសម្នាក់ដឹងខ្លួនមុនបើករត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចក្តោបបានអត្តសញ្ញាណច្បាស់ក្រឡែត។

យោងតាមការពិនិត្យ និងសេចក្តីរាយការណ៍ជាក់ស្តែងពីទីតាំងបង្ក្រាប បានឱ្យដឹងថា ក្រុមជនល្មើសមានគោយន្តដឹកឈើចំនួន ២គ្រឿង។ ក៏ប៉ុន្តែ នៅពេលឃើញសមត្ថកិច្ចចូលទៅអន្តរាគមន៍ គោយន្ត ១គ្រឿងទៀត បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ទាំងព្រហើន។ អ្វីដែលគួរឱ្យសោកស្តាយ និងហួសចិត្តបំផុតនោះគឺ អ្នកបើកបរគោយន្តដែលរត់គេចខ្លួននោះ ត្រូវបានគេស្គាល់ថា ជាអ្នករស់នៅក្នុងតំបន់ឧទ្យាននោះផ្ទាល់តែម្តង ពោលគឺរស់នៅអាស្រ័យផលលើដីព្រៃអភិរក្សហើយ បែរជាមកបំផ្លាញព្រៃឈើខ្លួនឯងទៅវិញ។

ទោះជាយ៉ាងណា ជនល្មើសដែលកំពុងរត់គេចខ្លួន មិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានឡើយ។ សមត្ថកិច្ចជំនាញបានថតរូបភាព និងប្រមូលភស្តុតាងរឹងមាំនៅនឹងកន្លែង ដើម្បីកំណត់មុខសញ្ញា និងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ។

ភ្លាមៗបន្ទាប់ពីការបង្ក្រាប មន្ត្រីបរិស្ថានចំនួន ៣រូប បាននាំយកវត្ថុតាងទាំងអស់មកកាន់ស្នាក់ការ ដើម្បីធ្វើកំណត់ហេតុ និងរៀបចំសំណុំរឿងបន្ត។ ក្នុងនោះ វត្ថុតាងដែលដកហូតបានរួមមាន៖ ឈើអាប្រភេទល្អៗចំនួន ៦០សន្លឹក និងគោយន្តកន្ត្រៃចំនួន ១គ្រឿង។ ​សកម្មភាពឆ្លើយតបដ៏រហ័សនេះ ទទួលបានការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅពីសំណាក់មហាជន ជូនចំពោះមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលប្រចាំការនៅតំបន់នោះ ដែលបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការកសាងសំណុំរឿង និងចងក្រងភស្តុតាង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងគ្មានការលើកលែង។

«បញ្ឈប់សកម្មភាពបំផ្លាញជាតិ មុនពេលហួសពេល» ព្រៃឈើ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជាសម្បត្តិរួមរបស់ជាតិ និងជាដង្ហើមជីវិតរបស់សហគមន៍ទាំងមូល។ ការលួចកាប់បំផ្លាញព្រៃឈើ មិនត្រឹមតែជាទង្វើខុសច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាជាការបំផ្លាញអនាគតកូនចៅជំនាន់ក្រោយ និងជាន់ឈ្លីលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអភិរក្ស។

អាជ្ញាធរ និងមន្ត្រីជំនាញ បានចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅដល់ជនខិលខូច និងអ្នកសមគំនិតទាំងអស់៖ «សូមភ្ញាក់រលឹកឡើងវិញ និងបញ្ឈប់រាល់សកម្មភាពកាប់បំផ្លាញ ដឹកជញ្ជូនព្រៃឈើខុសច្បាប់ជាបន្ទាន់។ ភ្នែកជញ្ជឹងរបស់សមត្ថកិច្ច និងច្បាប់រដ្ឋ មិនធូរលុងឡើយ។ រាល់ការបំពាន នឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងការជាប់ពន្ធនាគារ ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ»៕ដោយ៖ឡុង សំបូរ