​ការងារអត្តសញ្ញាណប័ណ្ណជាអាទិភាព! លោកជំទាវ ឃួន ឃុនឌី ណែនាំឱ្យគណបក្សឃុំចុះជាប់ជាមួយពលរដ្ឋ

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានណែនាំដល់ប្រធានគណៈកម្មាធិការគណបក្សឃុំទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្ថានភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ ការណ៍នេះធ្វើឡើងដើម្បីធានាថា ប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតនាពេលខាងមុខ ជាពិសេសករណីអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់ ខូច ឬប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត។
​ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកកំពង់ស្វាយ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពផ្ទាល់របស់លោកជំទាវ។​នៅក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណៈកម្មាធិការគណបក្សស្រុក និងឃុំសម្រេចបាននាពេលកន្លងមក។ លោកជំទាវក៏បានជំរុញឱ្យបន្តពង្រឹងការងារកសាងគណបក្សនៅមូលដ្ឋាន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។
​លោកជំទាវបានសង្កត់ធ្ងន់ថា ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្ថានភាពអត្តសញ្ញាណប័ណ្ណ គឺជាភារកិច្ចដ៏សំខាន់។ ហេតុនេះ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ផ្លាស់ប្តូរអាត់សញ្ញាណប័ណ្ណដែលខូច ឬផុតសុពលភាព និងជំរុញអ្នកទើបគ្រប់អាយុឱ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតស្របតាមច្បាប់។
​ជាចុងក្រោយ លោកជំទាវប្រធានក្រុមការងារ បានណែនាំឱ្យគណៈកម្មាធិការគណបក្សឃុំទាំងអស់ បន្តចុះជាប់ទៅដល់មូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ត្រូវពង្រឹងការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង៕ ដោយ  ប៊ុន រដ្ឋា