​លោកជំទាវ ឃួន ឃុនឌី ជំរុញឱ្យបង្កើនការលើកទឹកចិត្តយុវជនបក្ស ចូលរួមការងារសង្គមដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកកំពង់ស្វាយ

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញឱ្យប្រធានគណៈកម្មាធិការគណបក្សឃុំ យកចិត្តទុកដាក់លើកទឹកចិត្តដល់យុវជនគណបក្ស ឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
​ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកកំពង់ស្វាយ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
​នៅក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍សង្កត់ធ្ងន់ថា យុវជនគឺជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងមូលដ្ឋាន។ ដូចនេះ ប្រធានគណៈកម្មាធិការគណបក្សឃុំត្រូវបន្តលើកទឹកចិត្ត និងបង្កើតឱកាសឱ្យយុវជនបក្សបានចូលរួមសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ ការងារបរិស្ថាន និងសកម្មភាពនានាដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ។
​លោកជំទាវ បានបន្តទៀតថា ការចូលរួមយ៉ាងសកម្មរបស់យុវជន ដោយមានការតម្រង់ទិស និងសហការជិតស្និទ្ធជាមួយរៀមច្បងចាស់ទុំ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាពក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ចីរភាព និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងគណបក្ស និងប្រជាពលរដ្ឋផងដែរ។
​ជាមួយគ្នានោះ លោកជំទាវ ក៏បានណែនាំឱ្យគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនប្រសិទ្ធភាពការងារចុះមូលដ្ឋាន ដើម្បីក្តាប់ជាប់សុខទុក្ខ ស្តាប់មតិយោបល់ និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងត្រូវជំរុញការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស និងរាជរដ្ឋាភិបាលឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប។
អត្ថបទព័ត៌មានដោយ៖ ប៊ុន រដ្ឋា