(ខេត្តកំពង់ធំ)៖ នាថ្ងៃអាទិត្យ ៥កើត ខែទតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ព្រមទាំង
លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដោយមានសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងព្រះពុទ្ធសាសនា បានរៀបចំពិធីប្រគេនទៀនព្រះវស្សា បច្ច័យ ព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទាំង២៧ ទូទាំងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងតាមបែបប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីជួយទំនុកបម្រុង ផ្គត់ផ្គង់ និងសម្រួលដល់ជីវភាពរបស់ព្រះភិក្ខុសង្ឃ និងសាមណេរ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស (៣ខែ) ក្នុងការសិក្សារៀនសូត្រធម៌វិន័យតាមពុទ្ធឱវាទ ដែលពិធីចូលព្រះវស្សានេះនឹងចាប់ផ្តើមគិតចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ខាងមុខនេះ។
ដើម្បីបុណ្យកុសលនេះឱ្យកាន់តែមានភាពអធិកអធម និងបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា បានយកចិត្តទុកដាក់យ៉ាងខ្ពស់ ដោយបានចាត់តាំងក្រុមការងារផ្ទាល់ ចុះរៀបចំពិធីដង្ហែទៀនព្រះវស្សា និងទេយ្យទានទាំងនេះ យកទៅប្រគេនដល់គ្រប់វត្តអារាមតាមបណ្តាឃុំនីមួយៗប្រកបដោយសេចក្តីជ្រះថ្លាបំផុត។ការចូលរួមចំណែកក្នុងវិស័យពុទ្ធចក្រនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកុសលចេតនាដ៏ឧត្តុង្គឧត្តម និងសន្តានចិត្តមនុស្សធម៌របស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលជានិច្ចកាលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់សង្គមជាតិទាំងអាណាចក្រ និងពុទ្ធចក្រ។ សកម្មភាពសទ្ធាជ្រះថ្លានេះ គឺជាការរួមចំណែកបន្ថែមពីលើសមិទ្ធផល និងកិច្ចការងារអភិវឌ្ឍជាច្រើនរាប់មិនអស់ ដែលលោកអ្នកឧកញ៉ាបណ្ឌិតតែងតែបានជួយឧបត្ថម្ភគាំទ្រកន្លងមក ទាំងលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ច។
លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក តំណាងឱ្យព្រះសង្ឃ និងតាអាចារ្យ ពុទ្ធបរិស័ទ មកពីតាមបណ្តាវតទាំង២៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា ពិធី ដង្ហែទៀនព្រះវស្សា ដើម្បីប្រគេនទៀនព្រះវស្សា និងទេយ្យទាននាពេលនេះ ជាពិធីដ៏អធិកអធមបំផុតដែលបានដង្ហែរទានព្រះវស្សាជាលើកដំបូង ហើយការប្រគេនទានព្រះវស្សានេះមានចំនួន៣លើកមកហើយ ពោលជាពិធីកើតមានឡើងបន្ទាប់ពីលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ត្រូវបានតែងតាំងជាប្រធានគណៈពង្រឹងការងារក្នុងស្រុកប្រាសាទបល្ល័ង្កតែម្តង។
លោកអភិបាលស្រុក ព្រមទាំងព្រះសង្ឃ គណៈកម្មការ និងអាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋបានសម្តែងទឹកព្រះទ័យ និងមានទឹកចិត្តរីករាយថ្លែងអំណរគុណចំពោះទានរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ព្រមទាំងបុត្រ ជាពុទ្ធសាសនិកប្រកបដោយសទ្ធាជ្រះថ្លា ចុះពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក ដែលនឹងក្លាយជាចលករដ៏សំខាន់ទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាក្នុងស្រុកប្រាសាទបល្ល័ង្ក។
សម្រាប់ទេយ្យវត្ថុ និងបច្ច័យដែលវត្តនីមួយៗ ក្នុងចំណោមវត្តទាំង២៧ ទទួលបានរួមមាន៖ បច្ច័យកសាង និងទ្រទ្រង់ចង្ហាន់ ចំនួន១.០០០.០០០ រៀល បច្ច័យបួន ចំនួន៥០០.០០០ រៀល ទៀនព្រះវស្សា ចំនួន១គូ សាដកចំនួន១កញ្ចប់ អង្ករផ្កាម្លិះ ចំនួន១០០គីឡូក្រាម មីជាតិចំនួន៣កេស
ទឹកដោះគោខាប់ចំនួន១កេសធំ ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេស សាច់ជ្រូកផាត់ចំនួន៥គីឡូក្រាម ប្រេងឆាចំនួន២ដបធំគ្រឿងទេស ទឹកស៊ីអ៊ីវ២យួរ និងទឹកត្រី២ យួរ ប្រេងម៉ាស៊ូតចំនួន៣០លីត្រ (សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តអារាម)។ សូមបញ្ជាក់ផងដែរថា÷ សម្រាប់ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនដល់វត្តទាំង ២៧ ក្នុងស្រុកប្រាសាទបល្ល័ង្កនាឱកាសនេះ លោកអ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ១២០.០០០.០០០ រៀល (មួយរយម្ភៃលានរៀល)៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក






































