ខេត្តព្រះវិហារ៖ ដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដោយផ្តោតលើមុំយុទ្ធសាស្ត្រទី២ «ភាពបៃតង» មន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្ត និងអង្គការដៃគូអភិរក្ស បានរៀបចំយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដីព្រៃដែលបានដកហូត ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ភូមិសាស្រ្តស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
យុទ្ធនាការនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «យើងរួមគ្នាបង្កើនគម្របបៃតង ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្រោមអធិបតីភាព លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខ្វៃអាទិត្យា អ្នននាំពាក្យក្រសួងបរិស្ថាន និង លោក សុខ សាន្តតារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស អង្គការដៃគូអភិវឌ្ឍន៍ (រួមមាន World Vision, WCS, PKH, AFD និងអង្គការផ្ទះតូចភូមិភាគឥសាន) រួមទាំងប្រជាពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិយ៉ាងច្រើនកុះករ។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ បានឱ្យដឹងថា សកម្មភាពដាំស្តារព្រៃឈើ និងការថែទាំដំណាំធម្មជាតិនៅលើដីដែលបានដកហូតនាពេលនេះ មានគោលបំណងសំខាន់ៗចំនួន ៣៖ គឺ ១. ទប់ស្កាត់បទល្មើសធនធានធម្មជាតិ៖ ពង្រឹងប្រសិទ្ធភាពនៃការការពារតំបន់ការពារធម្មជាតិ មិនឱ្យមានការទន្ទ្រាន ឬរុករានជាថ្មី។ ២. ស្តារប្រព័ន្ធអេកូឡូស៊ី៖ ប្រែក្លាយដីដែលបានដកហូតឱ្យរស់ឡើងវិញជាព្រៃធម្មជាតិ ជម្រកសត្វព្រៃ និងប្រភពជីវចម្រុះដ៏សម្បូរបែប ព្រមទាំងចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ៣. បង្កើនកិច្ចសហការ និងការទទួលខុសត្រូវ៖ លើកកម្ពស់ស្មារតីម្ចាស់ការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិ និងជីវចម្រុះឱ្យបានគង់វង្ស។
អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងសារលើកទឹកចិត្តយ៉ាងជ្រាលជ្រៅទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដោយបានសង្កត់ធ្ងន់លើទស្សនទាន៖ «ចូលរួមដាំដើមឈើ និងការពារឱ្យឈើឈរ មិនក្រថាអត់ចំណូល»។ លោកបានពន្យល់ថា ការរក្សាដើមឈើឱ្យនៅគង់វង្ស គឺជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់សហគមន៍ តាមរយៈការប្រមូលផលអនុផលព្រៃឈើ ដូចជា ផ្សិតប៉ក់ បន្លែធម្មជាតិ និងផលព្រៃឈើផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ជីវភាព និងលក់ដូរបង្កើនប្រាក់ចំណូលគ្រួសារ។
ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា សំអាង បានផ្ញើសាររំលឹកថា កិច្ចការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួង ឬមន្ទីរបរិស្ថាននោះទេ ប៉ុន្តែវាទាមទារនូវ «ចលនាសហគមន៍» ទាំងមូល។ លោកថា ការចូលរួមបណ្តុះ និងដាំកូនឈើ មិនត្រឹមតែជាការការពារជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការផ្ទាល់ក្នុងការបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា យុទ្ធនាការដាំកូនឈើលើដីដកហូតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការនាពេលនេះ គឺជាសក្ខីភាពមួយស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ ក្នុងការប្រែក្លាយតំបន់រិចរិលឱ្យក្លាយជា «ដែនជម្រកបៃតង» ឡើងវិញ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សបរិស្ថានប្រកបដោយចីរភាព៕ដោយ៖ឡុង សំបូរ





































