ប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំទទួលទណ្ឌិតសរុបចំនួន ១៥០ នាក់ (ស្រី ០៥ នាក់) ដែលត្រូវបានផ្ទេរមកពីពន្ធនាគារខេត្តបាត់ដំបង ដើម្បីបន្តការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។ ការផ្ទេរទណ្ឌិតនាពេលនេះ គឺបានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ គោលបំណងសំខាន់ៗ នៃការផ្ទេរទណ្ឌិត គឺដើម្បីកាត់បន្ថយភាពចង្អៀតណែន ដែលជួយសម្រាលភាពចង្អៀតណែន នៅក្នុងពន្ធនាគារខេត្តបាត់ដំបង និងតម្រូវឱ្យការគ្រប់គ្រងអ្នកឃុំឃាំង មានភាពសមស្របទៅតាមស្តង់ដារ ,ការលើកកម្ពស់ការគ្រប់គ្រង និងសន្តិសុខ ជាការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង អប់រំកែប្រែ និងការរក្សាសន្តិសុខ សុវត្ថិភាព ឱ្យកាន់តែមានរបៀបរៀបរយ និងភាពងាយស្រួល ,ការធានាសិទ្ធិ និងសុខុមាលភាព ដែលជួយឱ្យការរស់នៅ ការថែទាំសុខភាព និងការស្តារនីតិសម្បទារបស់ទណ្ឌិត ទទួលបានលក្ខខណ្ឌប្រសើរជាងមុន ស្របតាមគោលការណ៍មនុស្សធម៌ និងច្បាប់។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក៍មានប្រសាសន៍បញ្ជាក់ថា៖
ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈខ្ពស់បំផុត ក្នុងអំឡុងពេលធ្វើដំណើរ និងការដឹកជញ្ជូន ប្រតិបត្តិការ គឺយើងទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធ និងម៉ឺងម៉ាត់ពីសំណាក់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន រួមមាន៖ នាយកដ្ឋានសន្តិសុខ និងនាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារ , កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងកងរាជអាវុធហត្ថខេត្តប៉ៃលិន ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន





































