សៀមរាប: ក្រោមកិច្ចដឹកនាំរបស់ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តសៀមរាប ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ យូ សុភា អនុប្រធាន គ.ក.ស.ក ខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរចូលរួមផងដែរ។
លោកជំទាវ ស៊ិន ណម បានមានប្រសាសន៍ នៃកិច្ចប្រជុំនាពេលនោះ ពិតជាមានសារៈសំខាន់ ចំពោះ ការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និង ការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និង ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើង ដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកកិច្ចប្រជុំទាំងអស់ អាចលើកឡើងក្នុងកិច្ចអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរ ឲ្យកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំង អក្ខរាវិរុទ្ធ ឃ្លោងឃ្លា ខ្លឹមសារពោរពេញដោយអត្ថន័យ ។ កិច្ចប្រជុំបានធ្វើការអនុម័តលើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត ព្រមទាំងបានធ្វើកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ទៅលើលទ្ធផលកិច្ចការដែលបានអនុវត្តក្នុងខែមិថុនា ២០២៦ព្រមទាំងបានធ្វើការពិនិត្យនូវកិច្ចការសេសសល់មួយចំនួនដែលបានលើកឡើងក្នុងខែកន្លងមក ដើមី្ប រកនូវចំណុចដែលប្រឈមផងដែរ ។ ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត យកអនុវត្តបន្តនូវខែបន្ត ឆ្នាំ២០២៦ រួចមក លោកជំទាវ ស៊ិន ណម ក៏បានបញ្ជាក់ផងដែរថា រាល់បទពិសោធន៍ និង លទ្ធផលដែល(គ ក ស ក)ទទួលបាន ដែលជាប្រទីព សម្រាប់ (គ ក ស ក)យកទៅអនុវត្ត និង ជម្រុញដល់សមាជិក (គ.ក.ស.ក.)ត្រូវបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ និង បង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋានផងដែរ ។ លោកជំទាវក៏បានលើកឡើងថា ចំពោះទិសដៅនៅខែខាងមុខ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប បានត្រៀមលក្ខណៈក្នុងការធ្វើបទបង្ហាញនូវភាពខ្លាំង និង បញ្ហាប្រឈម នៅក្នុងសន្និបាតរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដោយការងារប្រឡងប្រណាំងលើសេវាសាធារណៈក្នុងខេត្ត លើវិស័យ អប់រំ , សុខាភិបាល ដែលទទួលបានចំណាត់ថ្នាក់ល្អ ។ លោកជំទាវក៏បានគូសបញ្ជាក់ថា លទ្ធផលទាំងនេះ ដោយបានផ្តោត លើសុខភាពស្ត្រី និង កុមារ ព្រមទាំងអាហារូបត្ថម្ភ និងការងារអប់រំ គឺជាវិស័យស្នូលក្នុងការកសាងមូលធនមនុស្សប្រកប ដោយគុណភាព គុណធម៌ និង បច្ចេកវិទ្យា ដើមី្បឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារក្នុងសម័យឌីជីថល ។ លោកជំទាវក៏បានធ្វើការណែនាំ និងជម្រុញបន្ថែមទៅដល់សមាជិក ( គ.ក.ស.ក.) ត្រូវបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយ អំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ ការលើកកម្ពស់ សីលធម៌សង្គម និងពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជម្រុញអប់រំកុមារតូចៗ ដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋ និងសហគមន៍ ព្រមទាំងលើកកម្ពស់សុខខមាលភាពមាតា និងទារក មុនពេលសម្រាល និង ក្រោយពេលសម្រាលឲ្យបានល្អប្រសើរបំផុត។ លោកជំទាវ ស៊ិន ណម ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ធ្វើការជម្រុញដល់កុមារដែលមានអាយុ ៣ឆ្នាំទៅឲ្យបានចូលរៀននៅសាលាមត្តេយ្យគ្រប់ៗគ្នា នឹង សុំឲ្យឪពុកម្តាយ អាណាព្យាបាល ធ្វើការ លះបង់ពេលវេលារបស់ខ្លួន ដើមី្បជូនកូនៗរបស់ខ្លួនទៅសាលារៀន និង នៅឆ្នាំ២០២៧ខាងមុខ សុំឲ្យអាជ្ញាធរ និង អង្គការដៃគូរ ជួយបង្កើតសាលា មតេ្តយ្យសិក្សាតាមភូមិមួយចំនួនខ្វះខាត ។ សូមឲ្យអង្គការដៃគូរ ក្នុងការចូលរួមលើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរណ៍ និង ជួយជម្រុញដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ធ្វើការដាំដុះដំណាំរួមផំ្ស ដើមី្បបង្កើននឹងគ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និង រកបានកម្រៃបន្ថែមពីការងារដាំដុះនេះផងដែរ៕





































