សៀមរាប: សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារទូទាំងក្រុងស្រុកទាំង១៣ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និង
និវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គឹម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និង និវត្តន៍ជនកម្ពុជា ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ របៀបរបបបំពេញការងាររដ្ឋបាល និងការគ្រប់គ្រងមូលនិធិបេឡាមរណសង្គ្រោះ ឲ្យកាន់តែមានតម្លាភាព ទាន់ពេលវេលា និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជូនដល់បងប្អូនអតីតយុទ្ធជន និង និវត្តជនដែលជាសមាជិក។
ឯកឧត្តម អ៊ុំ សុខ បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាស្ថាប័នបង្គោលមួយដែលដើរតួយ៉ាងសំខាន់ក្នុងការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការកែទម្រង់រដ្ឋបាលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ មន្ត្រីរដ្ឋបាល និងមន្ត្រីបេឡាមរណសង្គ្រោះ គឺជាសេនាធិការដ៏សំខាន់ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ដូច្នេះត្រូវតែបំពេញភារកិច្ចដោយក្តីអាណិតស្រឡាញ់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុត និងសម្របសម្រួល និងសម្រួលនីតិវិធីរដ្ឋបាល ក្នុងការបើកប្រាក់ឧបត្ថម្ភមរណសង្គ្រោះ ដោយមិនត្រូវទុកឲ្យមានការយឺតយ៉ាវ ដែលបង្កជាការលំបាកដល់ក្រុមគ្រួសារសពនោះឡើយ។ ត្រូវបង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ រវាងការិយាល័យ និងមន្ទីរពាក់ព័ន្ធ។ ក្នុងករណីមានបញ្ហាប្រឈម ឬភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំជាបន្ទាន់ ដើម្បីដោះស្រាយទាន់ពេលវេលា។ អតីតយុទ្ធជន និងនិវត្តជន គឺជាអ្នកដែល មានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ដូច្នេះការបម្រើសេវារដ្ឋបាលផ្សេងៗ ត្រូវតែធ្វើឡើងដោយបេះដូង ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។
តាមរបាយការណ៍របស់លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បញ្ជាក់នូវលទ្ធផលដែលសម្រេចបានរបស់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប អំពីស្ថានភាពអតីតយុទ្ធជនកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ សរុបចំនួន ៩,៣៣៤នាក់ និងមានអ្នករស់នៅក្នុងបន្ទុកសរុប១២,៤៧៥នាក់។បច្ចុប្បន្ន អតីតយុទ្ធជន នៅខេត្តសៀមរាប បានចូលជាសមាជិកសមាគម មានចំនួន ៦,៥៩៨នាក់ (ស្ថិតិប្រចាំខែកក្កដា ឆ្នាំ២០២៦) ក្នុងនោះមាន ជនពិការ ចំនួន ១,៩២៣នាក់ និវត្តជន ២,៧១៤នាក់ , ជនបាត់បង់សមត្ថភាពការងារ ១៣៨នាក់ គ្រួសារជនពលី ១,៦៤៥នាក់ និងគ្រួសារជនមរណៈ ១៧៨នាក់ ។ អតីតយុទ្ធជនដែលមិនបានចូលជាសមាជិកសមាគម មានចំនួន ២,៧២៦នាក់ ក្នុងនោះមាន៖ និវត្តជន ៦៩៦នាក់, ជនពិការ ៤២នាក់, ជនពលី ១,១១៩នាក់, ជនមរណ: ៨៦៩នាក់ ។ ខេត្តសៀមរាប មានអតីតមន្រ្តីរាជការស៊ីវិល ដែលជានិវត្តជន សរុបចំនួន ២,១៤៩នាក់ ( ស្រី ៧១៩នាក់) ក្នុងនោះមាន៖ និវត្តជន ២,១១៧នាក់ (ស្រី៧១៤នាក់) ជនបាត់បង់៣២នាក់(ស្រី៥នាក់) ។ លោកបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ គិតត្រឹមខែកក្កដា អ.ន.ក ខេត្តសៀមរាប បានបើកថវិកាជូនក្រុមគ្រួសារសព ជាសមាជិកសមាគម ចំនួន១២៤គ្រួសារ គឹតជាទឹកប្រាក់ សរុបចំនួន៤៩៦,000,000រៀល ក្នុងនោះមាន៖ ថវិកាឧបត្ថម្ភដោយសម្តេចតេជោ ប្រធានសមាគម. ៨៧ សពស្មើ៣៤៨,000,000រៀល , ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៣៧សព ស្មើ ១៤៨,000,000រៀល ៕





































