ខេត្តព្រះវិហារ៖ ប្រតិបត្តិការក្តៅគគុកនិងជាបន្តបន្ទាប់របស់កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងផ្នែករដ្ឋបាលព្រៃឈើរវៀង បានស្តែងឱ្យឃើញពីការរឹតបន្តឹងច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងបទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រស្រុករវៀង ដោយបានស្ទាក់បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើអារប្រភេទលេខ១ គ្មានលិខិតអនុញ្ញាត បានចំនួន ២គ្រឿងដាច់ដោយឡែកពីគ្នា ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
យោងតាមរបាយការណ៍ផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកា (៥០១៥៤៨-១៤៧៧៦៣២) ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានប្រទះឃើញ និងឃាត់ចាប់រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-4462 មួយគ្រឿង ដែលកំពុងលួចដឹកជញ្ជូនផល-អនុផលព្រៃឈើដោយខុសច្បាប់។ វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ ឈើអារប្រភេទលេខ១ (សុក្រម និងស្រឡៅ) សរុបចំនួន ១,៤៧៩ ម៉ែត្រគូបត្រីគុណ។
មិនទុកឱ្យក្រុមឈ្មួញឱកាសនិយមមានដង្ហើមដកឡើយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តបើកការបង្ក្រាបមួយករណីទៀត នៅចំណុចភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 2A-0861 មួយគ្រឿងទៀត ខណៈពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត។ វត្ថុតាងដកហូតបានរួមមាន៖ ឈើអារប្រភេទលេខ១ (កកោះ) សរុបចំនួន ៤,០៩៣ ម៉ែត្រគូបត្រីគុណ។
បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង ២គ្រឿង រួមជាមួយឈើអារប្រភេទលេខ១ សរុបជិត ៦ ម៉ែត្រគូបត្រីគុណ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។
ល្បិចកលបន្លំ និងការប្រឈមមុខច្បាប់ ការប្រើប្រាស់រថយន្តលក្ខណៈគ្រួសារ (សាំយ៉ុង) កែច្នៃ៖ នេះគឺជាល្បិចកលចាស់វស្សារបស់ក្រុមឈ្មួញ ដែលតែងតែយកថតកៅអីចេញ ដើម្បីផ្ទុកឈើប្រណិត និងឈើលេខ១ ក្នុងគោលបំណងបន្លំភ្នែកសមត្ថកិច្ច និងប្រជាពលរដ្ឋថាជារថយន្តដឹកអ្នកដំណើរ។ ទោះជាយ៉ាងណា ល្បិចកលទាំងនេះមិនអាចគេចផុតពីភ្នែកម្នាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងរដ្ឋបាលព្រៃឈើបានឡើយ។
កិច្ចប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នេះ គឺជាសារព្រមានយ៉ាងច្បាស់ៗ និងក្តៅគគុកផ្ញើជូនចំពោះ ក្រុមឈ្មួញ និងជនខិលខូច រាល់សកម្មភាពកាប់បំផ្លាញ ដឹកជញ្ជូន និងប្រមូលទិញផល-អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត គឺជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវប្រឈមមុខនឹង «ច្បាប់ស្តីពីព្រៃឈើ» ដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ ជនគំនិតខូចដែលកែច្នៃមធ្យោបាយដឹកជញ្ជូន រាល់មធ្យោបាយធ្វើសកម្មភាព (រថយន្ត ឈើ និងសម្ភារពាក់ព័ន្ធ) នឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ហើយជនល្មើសនឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
អាជ្ញាធរមានសមត្ថកិច្ច និងផ្នែកជំនាញរដ្ឋបាលព្រៃឈើ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចុះល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យដល់ឫសគល់ ដើម្បីការពារសម្បត្តិព្រៃឈើជាតិឱ្យបានគង់វង្ស៕ដោយ៖ឡុង សំបូរ




































