ខេត្តមណ្ឌលគិរី និងខេត្តដុងណាយ ជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មាន ដើម្បីពង្រឹងសន្តិសុខព្រំដែន និងប្តេជ្ញាលុបបំបាត់បទល្មើសអនឡាញ (Online Scams)

0

ខេត្តមណ្ឌលគិរី៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំ «កិច្ចប្រជុំលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន»។

កិច្ចប្រជុំផ្លូវការនេះ ត្រូវបានដឹកនាំរួមដោយ៖ ភាគីកម្ពុជា៖ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងលោក លោកស្រីជាស្នងការរង អធិការនគរបាលស្រុកជាប់ព្រំដែន និងលោក-លោកស្រីជានាយការិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូប។

ភាគីវៀតណាម៖ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ង្វៀង ឌឹកហាយ (Nguyen Duc Hai) ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តដុងណាយ ព្រមទាំងសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការរួមដៃគ្នា រវាងកងកម្លាំងអនុវត្តច្បាប់នៃខេត្តទាំងពីរ។ លោកស្នងការបានស្នើឱ្យគ្រប់ផែនជំនាញ ការិយាល័យពាក់ព័ន្ធ និងកងកម្លាំងតាមខ្សែបន្ទាត់ព្រំដែន បន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បី ធានាឱ្យបាននូវការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តោយព្រំដែននៃខេត្តទាំងពីរ បង្កើនការត្រួតពិនិត្យ សម្រួល និងទប់ស្កាត់រាល់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់គ្រប់រូបភាព បាត់បង់បទល្មើសបច្ចេកវិទ្យា (Online Scams) ជាចំណុចអាទិភាព ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំង បង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា/អនឡាញ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ជាលទ្ធផល ភាគីទាំងពីរបានសម្តែងនូវការឯកភាពគ្នាយ៉ាងពេញទំហឹង និងបាន «ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ»រួមគ្នា ដើម្បីកំណត់ជាទិសដៅការងារជាក់ស្តែងសម្រាប់អនុវត្តនៅខែបន្តបន្ទាប់ទៀត។

កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងមានការផ្លាស់ប្តូរ «កាដូអនុស្សាវរីយ៍» ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនគរបាលនៃខេត្តទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ដោយ៖ឡុង សំបូរ