អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់

អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ - 1

ប៉ៃលិន៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅ​តាម​មូលដ្ឋាន និងជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារ​ផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅ​ប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាតនូវរាល់បទ​ល្មើស​ផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ច​ទាំងអស់នេះ គឺប្រជាការពារយើងអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខ​សណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើ​ឱ្យ​​ប្រទេស​កម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរ​ពី​​សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា សា ធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មាន​សុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់​នូវពេលវេលា កម្លាំង​កាយ កម្លាំងចិត្ត និងប្រាជ្ញា​ស្មារតី ចូលរួម​សហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើង​មាន​សន្តិសុខ សណ្តាប់​ធ្នាប់​​ល្អ និងប្រកបដោយ​សុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានសង្គ្រាម​ឈ្លានពានពីប្រទេសថៃ គឺបងប្អូន​យើង បានចូលរួម​សហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខ ក្នុងការការពារ​សន្តិសុខ​សុវត្ថិភាពជូនជាតិ និងប្រជាជន នៅតាមខ្សែរ​បន្ទាត់​ព្រំដែន ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់​ក្រោយ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន