​ប្រជាពលរដ្ឋខេត្តកំពង់ធំ ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ខណៈក្រុមគ្រូពេទ្យកូរ៉េបញ្ចប់បេសកកម្មពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជាង ៣ពាន់នាក់

0

(កំពង់ធំ)៖ ប្រជាពលរដ្ឋជាង ៣,២០០នាក់ នៅខេត្តកំពង់ធំ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសឱ្យក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
​នាឱកាសចុះពិនិត្យដំណើរការសេវាកម្មនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) អមដំណើរដោយអ្នកតំណាងរាស្ត្រខេត្តកំពង់ធំ រួមមាន ឯកឧត្តម ថា យ៉ាវ, លោកជំទាវ យស ថានារី, ឯកឧត្តម ឃឹង នុភាព ព្រមទាំងតំណាងអភិបាលខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម អ៊ុង វុទ្ធី និងលោកជំទាវ លំគន្ធារី អភិបាលរងខេត្ត និងលោក ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
​ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាល បានបង្ហាញនូវភាពសប្បាយរីករាយ និងសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក៏បានជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ សូមមានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងបេសកកម្មមនុស្សធម៌នេះ។
​តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់សេវាវេជ្ជសាស្ត្រជាច្រើនឯកទេស រួមមាន៖ ជំងឺទូទៅ, មាត់ធ្មេញ, ការថតឆ្លុះក្រពះ និងពោះវៀន, រោគស្ត្រី, ជំងឺកុមារ, ចក្ខុរោគ, ការចាក់ម្ជុលវិទ្យាសាស្ត្រ, ការពិនិត្យឈាមដោយប្រើប្រាស់បរិក្ខារទំនើប ព្រមទាំងការផ្តល់ឱសថដោយឥតគិតថ្លៃ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
​បន្ថែមពីលើការពិនិត្យព្យាបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានប្រគល់ម៉ាស៊ីនត្រជាក់ចំនួន ៣គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាស និងគុណភាពនៃការផ្តល់សេវាសុខាភិបាល។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានចែកអំណោយមនុស្សធម៌ជាច្រើនទៀត រួមមាន សម្ភារសិក្សា, សម្លៀកបំពាក់កុមារ, ប្រដាប់ក្មេងលេង, ឈុតច្រាស និងថ្នាំដុសធ្មេញ ព្រមទាំងបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
​សូមបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃនៃការចុះបេសកកម្មនេះ មានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ៣,២០០នាក់ ដោយក្នុងនោះ ថ្ងៃទី១ មានចំនួន ១,៥០០នាក់ និងថ្ងៃទី២ មានចំនួន ១,៧០០នាក់៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា